វីរុស Covid-19 ផ្លាស់ប្ដូរគ្រប់យ៉ាងនៅប្រទេសថៃ លើកលែងតែតម្លៃដីនៅកណ្ដាលក្រុងបាងកកដែលមិនប្ដូរទៅណា
អចលនទ្រព្យ February 4, 2021 Khmernote

វីរុស Covid-19 ត្រូវបានគេចាត់ទុកថាជាវីរុសដ៏សាហាវក្នុងប្រវត្តិសាស្រ្តមួយដែលបានរាតត្បាតស្ទើរតែទូទាំងពិភពលោក សម្លាប់ និង​ឆ្លងរាលដាលដល់មនុស្សរាប់សិបលាននាក់។ ក្រៅពីនេះបានវាយប្រហារទៅលើសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនីមួយៗឲ្យធ្លាក់ចូលក្នុងវិបត្តិដោយសារការបាត់ការងារ ការបិទអាជីវកម្មដែលសុទ្ធសឹងតែជាប្រភពធំៗនៃចំណូល ជាងនេះទៅទៀតនោះគឺការផ្លាស់ប្ដូរបែបបទនៃជីវិតរស់នៅរបស់មនុស្សគ្រប់ៗគ្នា។ ទោះបីជាវីរុសនេះបានផ្លាស់ប្ដូររឿងជាច្រើនក៏ដោយ​ ប៉ុន្តែបើនិយាយពីរឿងអចលនទ្រព្យ ហើយនៅក្នុងប្រទេសថៃទៀតនោះ ហាក់ដូចជាមិនប្រែប្រួលឡើយ។

លោកស្រី Kulwadee Sawangsri នាយកប្រតិបត្តិផ្នែកវិនិយោគនិងសេវាកម្មដីធ្លីសម្រាប់ក្រុមហ៊ុន CBRE (ថៃ) បាននិយាយកាលពីថ្ងៃពុធថា តម្លៃដីនៅចំកណ្តាលទីក្រុងបាងកកនៅតែមិនផ្លាស់ប្តូរទោះបីជាមានវិបត្តិ Covid-19 ក៏ដោយ។ លោកស្រីបាននិយាយថា តម្លៃដីនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលចំនួន ៣ នៅទីក្រុងបាងកក នៅតែមានតម្លៃដដែលចាប់តាំងពីឆ្នាំ២០១៩ ដោយសារគម្រោងជាច្រើនត្រូវពន្យាពេល។

លោកស្រីបានបន្តថា នៅក្នុងឆ្នាំ ២០១៩ ដីនៅតំបន់ Ploenchit-Lumpini មានតម្លៃថ្លៃជាងគេ ពោលគឺតម្លៃរហូតដល់ ៣.៩ លានបាតក្នុងមួយហិកតា ខណៈនៅតំបន់ Sukhumvit មានតម្លៃ ២.៨ លានបាតក្នុងមួយហិកតា និង ១,៧ លានបាតក្នុងមួយហិកតានៅតំបន់ Silom-Sathorn ។ តាមរយៈនាយកប្រតិបត្តិផ្នែកវិនិយោគនិងសេវាកម្មដីធ្លីសម្រាប់ក្រុមហ៊ុន CBRE (ថៃ) ដដែល មិនមានការផ្លាស់ប្តូរតម្លៃណាមួយត្រូវបានរំពឹងទុកនៅក្នុងតំបន់ទាំងបីនេះទេ ខណៈដែលម្ចាស់ភាគច្រើនកំពុងរង់ចាំឱកាសល្អ ក្នុងការលក់ដីរបស់ពួកគេទោះបីមានអ្នកខ្លះបានលក់ក្នងតម្លៃថោកក៏ដោយ។

គួរឲ្យដឹងថា ប្រទេសថៃ រងការខាតបង់ធ្ងន់ធ្ងរស្ទើរតែគ្រប់វិស័យ ដោយសារតែការរាតត្បាតរបស់វីរុស Covid-19 ម្ដងហើយម្ដងទៀត ហើយដោយសារតែការរាតត្បាតដ៏អាក្រក់នេះ បានជម្រុញឲ្យប្រជាជនថៃជាង ១.៥ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ នេះបើយោងតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក។ ជាមួយគ្នានេះ ការផ្ទុះឡើងនៃវីរុសរាតត្បាតបានប៉ះពាល់ដល់ទីផ្សារការងារថៃយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំចុងក្រោយ ដែលបណ្តាលឱ្យភាពអត់ការងារធ្វើកើនឡើងខ្ពស់ និងកម្មករជាច្រើនដែលគ្មានការងារធ្វើ ហើយទាំងនេះបានកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនថៃ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand