យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងកំពូលមួយរបស់ពិភពលោកគឺ Pfizer នឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ទៅ ៤០លានដូស សម្រាប់កម្មវិធីចាក់វ៉ាក់សាំង (Covax) ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO)។ ប្រធានអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រ កន្លងទៅនេះថា ក្រុមហ៊ុន Pfizer នឹងផ្តល់វ៉ាក់សាំង Covid-19 របស់ខ្លួនរហូតដល់ ៤០ លានដូស ដែលបានបង្កើតឡើងរួមជាមួយ BioNTech ដល់សម្ព័ន្ធវ៉ាក់សាំងពិភពលោកក្នុងគោលបំណងផ្តល់វ៉ាក់សាំងប្រឆាំងនឹងមេរោគដល់ប្រទេសក្រីក្រ។
ជាមួយគ្នានេះលោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យ (Covax) ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់ប្រទេសដែលចូលរួមនៅក្នុងខែកុម្ភៈ។ ដោយកម្មវិធីនេះមានគោលបំណងផ្តល់វ៉ាក់សាំងចំនួន ២ ពាន់លានដូសដល់ប្រទេសដែលចូលរួមដូចជា ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនៅចុងឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ លោកក៏បានរិះគន់ចំពោះប្រទេសអ្នកមាន ដែលបានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមអ្នកផលិតថ្នាំសម្រាប់ការចាក់វ៉ាក់សាំង Covid-19 ជាលើកដំបូងរបស់ខ្លួន និងសម្រាប់ស្តុកទុកមិនព្រមផ្គត់ផ្គង់សម្រាប់ប្រទេសក្រីក្រ៕



អត្ថបទ៖ លីនី
ប្រភព៖ cnbc


