រដ្ឋបាលក្រុងបាងកក ប្រកាសឲ្យបើកអាជីវកម្ម ១៣ ប្រភេទនេះឡើងវិញ ក្រោយជួបព្យុះភ្លៀងមួយរយៈ
អាជីវកម្ម January 23, 2021 Khmernote

រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសឲ្យអាជីវកម្មទាំង ១៣​ប្រភេទនៅក្នុងក្រុងបើកជាធម្មតាវិញ តែស្ថិតនៅក្រោមវិធានការគ្រប់គ្រងរោគរាតត្បាត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand។ តាមប្រភពដដែលបានឲ្យដឹងថា ការប្រកាសរបស់រដ្ឋបាលក្រុងបាងកកនេះ បានធ្វើឡើងបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ Covid-19 បានធ្លាក់ចុះពីចំនួន ៤៩ ករណីថ្មីក្នុងមួយថ្ងៃៗនៅក្នុងរដ្ឋធានី ទៅប្រហែល ១០ ករណីរៀងរាល់ថ្ងៃ។ អ្នកនាំពាក្យ (BMA) លោក Pongsakorn Kwanmuang បាននិយាយថា ការឆ្លងរាលដាលចុងក្រោយបង្អស់ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូនេះ រីករាលដាលលឿនជាងការផ្ទុះលើកដំបូងកាលពីឆ្នាំមុន។

យ៉ាងណាមិញក្រោយពីករណីឆ្លងធ្លាក់ចុះ រដ្ឋបាលក្រុងបាងកក (BMA) បានអនុញ្ញាតឲ្យអាជីវកម្មចំនួន ១៣បើកឡើងវិញក្នុងនោះរួមមាន៖ បញ្ជរហ្គេមកម្សាន្ត ,ហាងកាហ្វេ ,មណ្ឌលថែទាំចាស់ជរា ,ទីលានប្រណាំង និងពហុកីឡដ្ឋាន លើកលែងតែការប្រណាំងសេះនិងប្រដាល់ (មិនអនុញ្ញាតឱ្យមានអ្នកទស្សនា) ,សាលសម្រាប់រៀបចំពិធី ,ហាងលក់វត្ថុបុរាណ ,ហាងកែសម្ផស្ស និងហាងសាក់ ,កន្លែងហាត់ប្រាណ ,ហាងម៉ាស្សានិងស្ប៉ា ,សាលាហាត់ប្រដាល់ ,កន្លែងលេង Bowling និង skate ,សាលារបាំ និងសាលាសិល្បៈក្បាច់គុន។

គួរម្លឹកផងដែរថា អភិបាលក្រុងបាងកកលោក Aswin Kwanmuang កាលពីដើមខែមករា ឆ្នាំ២០២១ កន្លងទៅនេះ បានបញ្ជាឲ្យបិទកន្លែង ២៥ ប្រភេទជាបណ្ដោះអាសន្ននៅក្នុងក្រុង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស Covid-19 ដែលកាលនោះបានកើនឡើងខ្លាំងទៅៗ។ បទបញ្ជាដែលត្រូវបានអនុម័តដោយគណៈកម្មាធិការបង្ការជំងឺឆ្លងក្រុង បានចូលជាធរ លើកលែងតែស្ថាប័នអប់រំដែលត្រូវបានបញ្ជាឲ្យបិទរហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand