ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខ្នាតតូចមួយកន្លែងក្នុងខេត្តសៀមរាប អាចរកចំណូលបានពី ៤០០ដុល្លារ ទៅ ៦០០ដុល្លារ ក្នុងមួយខែ ខណៈពេលដែលមានការគាំទ្រច្រើនពីអ្នកបរិភោគ។ លោក ប៉ែន រតនា ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខ្នាតតូចមួយកន្លែងស្ថិតនៅក្នុងភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមក្រួចជាង ១,០០០ក្បាល ដើម្បីផ្គត់ផ្គង់សាច់ មេពូជ និងពងក្រួចនៅក្នុងខេត្ត និងការនាំចេញទៅរាជធានីនិងខេត្តផ្សេងៗទៀតផងដែរ។ លោកបញ្ជាក់ថា មុខរបរចិញ្ចឹមក្រួចនេះគឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុនពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាលដើម្បីឱ្យក្រួចឆាប់ធំធាត់ល្អ និងបំពេញតម្រូវការទីផ្សារ។
លោកបន្ថែមថា ក្នុងមួយខែលោកអាចរកចំណូលបានចន្លោះពី ៤០០ ទៅ ៦០០ដុល្លារ ក្នុងការលក់ទាំងសាច់ ពង និងមេពូជ។ លោកបន្តថា របរចិញ្ចឹមក្រួចវាអាចថាមិនមែនបានផលធំដុំនោះទេ ប៉ុន្តែបើយើងចិញ្ចឹមឱ្យយើងមានចំណូលបន្ថែមហើយ និងមានអាហារសម្រាប់ខ្លួនឯង និងជួយឱ្យទីផ្សារក្នុងស្រុករបស់យើងមានរបស់ខ្លួនឯងចឹងអាចជួយបាន ២០% ទៅ ៣០% ក្នុងជីវភាពប្រចាំថ្ងៃ។

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខាងលើបានបញ្ជាក់ថា លោកបានចាប់យកមុខរបរនេះអស់រយៈពេល ២ ឆ្នាំមកហើយ ហើយក្រួចដែលលោកចិញ្ចឹមបានអាចលក់ជាមេពូជក្នុងតម្លៃចន្លោះពី ៦០០រៀល ដល់ ១,៥០០រៀល ក្នុងមួយក្បាល ហើយតម្លៃនេះអាចប្រែប្រួលតាមអាយុរបស់វា ចំពោះក្រួចសាច់អាចលក់បានពី ៣,០០០រៀល ទៅ ៤,០០០រៀល ក្នុងមួយក្បាល៕


ប្រភព៖ ក្រសួងព័ត៌មាន


