ដំណឹងល្អ! WHO ត្រៀមអនុម័តវ៉ាក់សាំងកូវីដ-១៩ មួយចំនួនឆាប់ៗនេះ ក្នុងនោះក៏មានវ៉ាក់សាំងដែលខ្មែរទទួលបានពីចិនដែរ
អាជីវកម្ម January 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងអនុម័តវ៉ាក់សាំងកូវីដ-១៩ ជាច្រើនពីក្រុមហ៊ុនផលិតបស្ចិមប្រទេសនិងចិន នៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។ ការសម្រេចអនុម័តលើវ៉ាក់សាំងទាំងនោះ ក្នុងគោលដៅដើម្បីឲ្យគម្រោងផ្ដល់វ៉ាក់សាំងដល់ប្រទេសក្រីក្រដំណើរការកាន់តែលឿន និងឆាប់ទទួលបាន។ ខណៈសម្ព័ន្ធ COVAX ដែលត្រូវបានដឹកនាំដោយ WHO ចង់ចែកចាយវ៉ាក់សាំងយ៉ាងហោចណាស់ ២ពាន់លានដូស នៅទូទាំងពិភពលោកក្នុងឆ្នាំនេះ ដោយយ៉ាងហោចណាស់ចែកដល់ប្រទេសក្រីក្រចំនួន ១.៣ ពាន់លានដូស។

យោងតាមឯកសារផ្ទៃក្នុងមួយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា អង្គការសុខភាពពិភពលោកកំពុង “អនុម័ត” លើសេចក្ដីអនុម័តវ៉ាក់សាំងជាបន្ទាន់។ ឯកសារនេះបាននិយាយថា វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានបង្កើតឡើងដោយ AstraZeneca និងផលិតដោយវិទ្យាស្ថាន Serum ប្រទេសឥណ្ឌា អាចត្រូវបានអនុម័តដោយ WHO នៅខែមករា ឬ កុម្ភៈ។ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna គ្រោងនឹងអនុម័តនៅចុងខែកុម្ភៈដូចគ្នា ហើយវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson (J&J) ត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តពី WHO នៅខែឧសភា ឬ ដើមខែមិថុនា។

ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏កំពុងពិចារណា លើការអនុម័តឱ្យបានរហ័សចំពោះវ៉ាក់សាំងចិនចំនួនពីររួមមាន Sinopharm និង Sinovac ។ សេចក្តីរាយការណ៍បាននិយាយថា Sinopharm និង Sinovac បានដាក់ពាក្យស្នើសុំទៅអង្គការសុខភាពពិភពលោកដែលកំពុងពិនិត្យមើល ហើយអាចធ្វើការសម្រេចចិត្តលើវ៉ាក់សាំងទាំងពីរនេះក្នុងខែមីនា។

គួរឲ្យដឹងផងដែរថា យោងតាម WHO គម្រោងចែកចាយវ៉ាក់សាំងរហូតមកដល់ពេលនេះមានការលំបាកក្នុងការទទួលបានការចាក់គ្រប់គ្រាន់ ដោយសារតែកង្វះខាតមូលនិធិ ខណៈពេលដែលប្រទេសអ្នកមានបានកក់វ៉ាក់សាំងយ៉ាងច្រើនទុក។ ជាងនេះទៅទៀតនៅក្នុងការប្រជែងដើម្បីពង្រាយការចាក់វ៉ាក់សាំង ការអនុម័តបទប្បញ្ញត្តិ គឺជាគន្លឹះក្នុងការបញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង និងដើម្បីជំរុញលទ្ធផល។ ប៉ុន្តែប្រទេសក្រីក្រមួយចំនួនពឹងផ្អែកភាគច្រើនលើការអនុម័តរបស់អង្គការសុខភាពពិភពលោក ដោយសារលទ្ធភាពរបស់ពួកគេក្នុងការទិញវ៉ាក់សាំងនៅមានកម្រិត៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia