អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង បានបើកឱ្យមានការប្រកួតប្រជែងការផលិតបន្លែដែលមានគុណភាព និងសុវត្ថិភាពដើម្បីទទួលបានរង្វាន់ពីអាជ្ញាធរ និងងាយស្រួលលក់នៅលើទីផ្សារ។ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងលើកទឹកចិត្តកសិករបង្កើតសួនបន្លែជាលក្ខណៈគ្រួសារឱ្យបានច្រើនគ្នា ហើយគ្រួសារណាមួយអនុវត្តទៅបានល្អជាងគេអាជ្ញាធរ និងអង្គការដៃគូនឹងមានជូនរង្វាន់លើកទឹកចិត្ត។ ក្នុងឱកាសចុះជួបកសិករនៅឃុំកំភុន និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សុវណ្ណ ពិសេដ្ឋអភិបាលស្រុកបានបញ្ជាក់ថា អាជ្ញាធរសហការជាមួយអង្គការដៃគូបើកឱ្យមានការប្រកួតប្រជែងគ្នាក្នុងការដាំបន្លែសរីរាង្គ ដូចនេះកសិករដែលមានផ្ទៃដីអំណោយផលល្អ និងមានប្រភពទឹកត្រូវបង្កើតឱ្យមានសួនបន្លែ។
លោកថា បន្លែដាំដុះប្រើជីធម្មជាតិកំពុងទទួលបានការគាំទ្រពីទីផ្សារនៅក្នុងខេត្ត ដូចនេះបងប្អូនយើង ដែលសល់ពេលទំនេរពីស្រែចម្ការត្រូវដាំបន្លែបន្ថែមទៀត ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងលើកកម្ពស់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ ចិញ្ខឹមត្រីផងដែរ។ លោកស្រី ស៊ីន ចិន្តា កសិករដាំម្ទេសនៅឃុំកំភុន បានគាំទ្រចំពោះការក្រើនរំលឹកនេះព្រោះនៅតាមតំបន់ជួរដងទន្លេសេសានផ្ទៃដីអំណោយផលល្អទៅលើការដាំដុះបន្លែហើយទឹកក៏មានគ្រប់គ្រាន់។

លោកស្រីបន្តថា បច្ចុប្បន្នមានកសិករមួយចំនួនបានបង្កើនការផលិតបន្លែបានជាប្រចាំ ក្នុងនោះមានបន្លែស្លឹកចំនួន ១០មុខ និងបន្លែផ្លែចំនួន ១២មុខ ដូចជា៖ ស្ពៃគ្រប់មុខ សាឡាដ៍ ខាត់ណា ត្រកួន ស្លឹកកគ្រៃ ម្ទេស សណ្តែក ននោង ត្រសក់ ត្រប់ ត្រឡាច ម្រះ ពោត ល្ហុង ពោតបារាំង ប៉េងប៉ោះជាដើម។

លោកឃីម ប៊ុនឡត កសិករគំរូដាំបន្លែប៉េងប៉ោះនៅឃុំសាមឃួយបានអះអាងថា បន្លែសរីរាង្គដែលកសិករផលិតបាននេះ មានអតិថិជននិយមទិញទៅបរិភោគច្រើនទាំងនៅតាមភូមិនិងនៅទីផ្សារ។លោកបន្តថា នេះជាការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋយើងដើម្បីលើកកម្ពស់សុខភាព និងបញ្ចៀសគ្រោះថ្នាក់ដែលបណ្តាលមកពីការទទួលទានបន្លែមានកាកសំណល់ថ្នាំពុលកសិកម្មហួសកំរិត។

សូមបញ្ចាក់ថា នៅខេត្តស្ទឹងត្រែងមានកសិករជាង ៦០ក្រុម កំពុងផលិតបន្លែសរីរាង្គនាំយកមកផ្គត់ផ្គង់នៅទីផ្សារស្ទឹងត្រែង។ តែការផ្គត់ផ្គង់នេះ មិនទាន់បានឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅឡើយទេ ទើបអាជ្ញាធរស្រុកសេសានបំផុសឱ្យបងប្អូនកសិករបង្កើនផែនការដាំដុះបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន


