វត្ថុអនុស្សាវរីយ៍ធ្វើពីទង់ដែង ស្ពាន់ ប្រាក់ច្នៃបែបក្បាច់បុរាណខ្មែរទោះមានតម្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែមានការគាំទ្រពីសំណាក់អតិថិជន ខណៈមុខរបរនេះអាចរកប្រាក់ចំណូលបានច្រើនបង្កើនសេដ្ឋកិច្ចគ្រួសារ និងជួយថែរក្សាកេរមរតកដូនតាផងដែរ។ លោកវ៉ាន់ ស៊ីថា ជាអ្នកផលិត និងលក់វត្ថុអនុស្សាវរីយ៍នៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្តាលបានប្រាប់វិទ្យុជាតិកម្ពុជាថា « របរធ្វើវត្ថុអនុស្សាវរីយ៍ពីស្ពាន់ ប្រាក់ដែលច្នៃបែបក្បាច់បុរាណខ្មែរនេះ ជាមុខរបរតាំងពីដូនតា ហើយបន្ដរហូតមកដល់សម័យបច្ចុប្បន្ន »។ លោកបន្ថែមថា « វត្ថុអនុស្សាវរីយ៍ ដែលផលិតសព្វថ្ងៃមានដូចជា៖ ថូផ្កា ថាស ជើងពាន ផ្តិល និងរូបសំណាក់ផ្សេងៗដែលច្នៃតាមបែបភ្ញីទេសរូបប្រាសាទអង្គរវត្ត ប្រាសាទបុរាណ តាមបែបធម្មជាតិ និងរូបជាច្រើនទៀតអាស្រ័យទៅតាមការបញ្ជាទិញរបស់អតិថិជន »។
លោក វ៉ាន់ ស៊ីថា បន្តទៀតថា « ចំពោះវត្ថុអនុស្សាវរីយ៍ដែលធ្វើពីទង់ដែង ស្ពាន់ ប្រាក់នេះគឺច្នៃចេញពីដៃសុទ្ធសាធដែលអាចប្រើរយៈពេលយូរ ឬក៏ឆាប់អាស្រ័យទៅលើទំហំនៃវត្ថុដែលភ្ញៀវតម្រូវចង់បាន »។

លោក វ៉ាន់ ស៊ីថា បានឱ្យដឹងទៀតថា ចំពោះតម្លៃវត្ថុអនុស្សាវរីយ៍ទាំងនោះគឺអាស្រ័យទៅលើទំហំរចនាបថក្បាច់ និងប្រភេទដូចជា ប្រភេទប្រាក់ទឹក១០ តម្លៃ ១,០០០ដុល្លារ ស្ពាន់តម្លៃ ៥៥ ទៅ ៦០ដុល្លារ និងទង់ដែងតម្លៃពី ៤៥ ទៅ ៦០ ដុល្លារ៕


ប្រភព៖ ក្រសួងព័ត៌មាន


