ក្រុមហ៊ុន Pfizer និង BioNTech គ្រោងផលិតវ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ២ពាន់លានដូសនៅឆ្នាំនេះ ដែលបង្កើនទិន្នផលរំពឹងទុកជាង ៥០% ក្នុងការឆ្លើយតបតម្រូវការសកល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand។ ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនបានប្រកាសដូច្នេះតាមរយៈការធ្វើបទបង្ហាញមួយនៅក្នុងសន្និសីទស្តីពីផ្នែកថែរក្សាសុខភាព JP Morgan កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ហើយបានលើកឡើងថា ក្រុមហ៊ុនបានព្រមព្រៀងរួចហើយក្នុងការចែកចាយនូវវ៉ាក់សាំងតាមកិច្ចសន្យាចំនួនជាង ១ ពាន់លានដូសនៅក្នុងប្រទេសនានា។
ជាក់ស្ដែងកាលពីសប្តាហ៍មុនសហគមន៍អ៊ឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើនការផ្គត់ផ្គង់ថ្នាំ Pfizer-BioNTech របស់ខ្លួនទ្វេដងដល់ចំនួន ៦០០ លានដង ខណៈដែលសហរដ្ឋអាមេរិកមានសរុបចំនួន ២០០ លានដូស។ គួរឲ្យដឹងថា កន្លែងផលិតថ្មីនឹងស្ថិតនៅទីក្រុង Marburg ប្រទេសអាឡឺម៉ង់ ដែលរំពឹងថានឹងចាប់ផ្តើមដំណើរការនៅចុងខែកុម្ភៈ ហើយនឹងអាចផលិតបានរហូតដល់ ៧៥០ លានដូសក្នុងមួយឆ្នាំ នេះបើយោងតាមបទបង្ហាញ។

ក្រុមហ៊ុន BioNTech បានឲ្យថា ខ្លួនកំពុងស្វែងរកអ្នកផ្គត់ផ្គង់ និងអ្នកផលិតបន្ថែម និងកែលម្អដំណើរការផលិតកម្មរបស់ខ្លួន ដោយលោក Ugur Sahin នាយកប្រតិបត្តិក្រុមហ៊ុន BioNTech រំពឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនៅពេលជំងឺ Covid-19 នៅតែរាលដាល និងបន្តកើតមាន អ្នកទទួលថ្វ៉ាក់សាំង Pfizer-BioNTech ទំនងជាត្រូវការកម្លាំងជំរុញបន្ថែម។ គួរបញ្ជាក់ផងដែរ កាលពីមុន Pfizer និង BioNTech រំពឹងថា នឹងផលិតវ៉ាក់សាំងបានចំនួន ១,៣ ពាន់លានដូសនៅឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុនមានគម្រោងបង្កើនទិន្នផលដោយមានជំនួយពីអ្នកដែលបានចុះកិច្ចសន្យាផលិត៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


