ខណៈកសិករជាច្រើនងាកមកចាប់របរបណ្ដុះផ្សិត កញ្ចប់សម្រាប់បណ្ដុះផ្សិតអំបោះក្នុងកសិដ្ឋានមួយនេះកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ
អាជីវកម្ម January 12, 2021 Chan Sreyny

កញ្ចប់ផ្សិតអំបោះក្នុងកសិដ្ឋានមានជ័យ កំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ខណៈពេលដែលបច្ចុប្បន្នមានអតិថិជនជាច្រើនងាកមកចាប់របរបណ្ដុះផ្សិត។ លោក យឺត គីមយ៉ាង ម្ចាស់កសិដ្ឋានមានជ័យ ស្ថិតនៅក្នុងភូមិព្រែកទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កញ្ចប់បណ្ដុះផ្សិតអំបោះទំាងអស់គឺមានការថែទាំ ជ្រើសរើសដីជាពិសេសការប្រើប្រាស់ជីធម្មជាតិ ដោយផ្ដោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពជាចម្បងដែលមិនធ្វើឱ្យខាតបង់ថវិកាមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោកបន្តថា កសិដ្ឋានលោកបានរៀបចំផែនការច្បាស់លាស់សម្រាប់ការផលិតកញ្ចប់បណ្ដុះផ្សិតអំបោះ ឱ្យត្រូវតាមបច្ចេកទេសដែលមានដូចជា ត្រូវសម្អាតទីកន្លែងដែលដាក់កញ្ចប់ផ្សិតឱ្យបានស្អាតជានិច្ច
ត្រូវសំអាតដៃនឹងអាល់កុល ជាពិសេសមិនអនុញ្ញាតិឱ្យមានបុគ្គលណាម្នាក់បាញ់ទឹកអប់ ឬលាបឡេចូលឡើយ ព្រោះវាអាចបង្កឱ្យខូចកញ្ចប់បណ្ដុះផ្សិត ជាពិសេសបើយើងថែទាំបានល្អធ្វើឱ្យកញ្ចប់ផ្សិតមានគុណភាពខ្ពស់ហើយលក់បានថ្លៃ។

លោកបញ្ជាក់ថា ក្នុងមួយថ្ងៃកសិដ្ឋានរបស់លោកអាចផលិតបាន ៣,០០០ កញ្ចប់ហើយក្នុងមួយកញ្ចប់លក់បានពី ១,១០០រៀល ដល់ ១,៣០០រៀល។ លោកបានបន្ថែមថា ខាងកសិដ្ឋានក៏បានបើកបង្រៀនដល់ប្រជាកសិករ ក៏ដូចជាសិស្សនិស្សិតដែលមានបំណងចង់ចេះវិធីធ្វើកញ្ចប់សម្រាប់បណ្ដុះផ្សិត ដោយការបង្រៀនអនុវត្តផ្ទាល់តែម្តង។

សូមបញ្ជាក់ថា កសិដ្ឋានមានជ័យបង្កើតតាំងពីឆ្នាំ ២០១៦ និងមានសមាជិក ១០នាក់ ដែលមានដាំផ្សិតចំបើង ផ្សិតអំបោះ និងផលិតកញ្ចប់សម្រាប់បណ្ដុះផ្សិតអំបោះដើម្បីលក់ជូនកសិករ៕

ប្រភព៖ ក្រសួងព័ត៌មាន