អ្នកស្រីផាន កុលាប អាយុ៤០ឆ្នាំ កសិករដាំខាត់ណាផ្កា រស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមមុខរបរដាំខាត់ណាផ្កាចំនួន ១០ឆ្នាំមកហើយ ដោយមុខរបរនេះអាចផ្តល់ប្រាក់ចំណូលបានគួរសមដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារ ដោយក្នុងមួយរដូវប្រមូលផលអាចរកប្រាក់ចំណូលបានចន្លោះពី១០លាន ទៅ ១២ លានរៀល។ អ្នកស្រីបន្តថា ផ្ទៃដីដែលប្រើប្រាស់សម្រាប់ដាំខាត់ណាផ្កាចំនួនប្រមាណ ២ពាន់ម៉ែត្រក្រឡាប៉ុណ្ណោះ តែការប្រមូលផលម្តងបានចំនួនពី ៣ តោនទៅ ៥ តោន។
ជាមួយគ្នានេះដែរអ្នកស្រីបានបន្ថែមទៀតថា ខាត់ណាផ្កាជាដំណាំមួយប្រភេទដែលប្រឈមនឹងបញ្ហាច្រើន ជាពិសេសនៅពេលមានការប្រែប្រួលអាកាសធាតុ ដូចជាធ្វើឱ្យដុះផ្សិត ឬ រលួយ បើសិនជាមិនបានថែទាំដិតដល់។ ចំពោះការប្រមូលផលបាន ៥តោន ក្នុងមួយរដូវ ប្រសិនបើយើងដាំទាន់ពេលពីខែ តុលាមក ដោយរាប់ចាប់ពីដាក់កូនដាំ រហូតដល់បានកាត់បានប្រមូលផល ហើយពេលកាត់ម្ដងអាចរកចំណូលបានប្រហែល ១០លាន ទៅ១២លានរៀល ដើម្បីគ្រាន់ទប់ទល់ក្នុងគ្រួសារបានដែរ។

អ្នកស្រី ផាន កុលាប បន្តថា ខាត់ណាផ្កាបច្ចុប្បន្ននេះអាចលក់បានក្នុងតម្លៃថ្លៃគួរសម ដោយលក់បោះឱ្យម៉ូយមកយកដល់ផ្ទះក្នុងមួយគីឡូចាប់ពី ២៥០០រៀលឡើងទៅ។ សូមជម្រាបផងដែរថា ខាត់ណាផ្កា ជាដំណាំមួយប្រភេទអាចដុះលូតលាស់បានពេញមួយឆ្នាំ ប៉ុន្តែដំណាំនេះត្រូវការស៊ីតុណ្ហភាពជាមធ្យមចាប់ពី ១៥ទៅ២០ អង្សាសេ។ ខាត់ណាផ្កា ត្រូវបានកសិករភាគច្រើននិយមដាំដុះបំផុត ជាពិសេសនៅក្នុងរដូវបុណ្យទាន ព្រោះជាប្រភេទបន្លែពេញនិយមទទួលទានច្រើន ដែលផ្សំក្នុងម្ហូបអាហារ ចាំបាច់បំផុតមិនអាចខ្វះបាន៕



ប្រភព៖ ក្រសួងព័ត៌មាន


