យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផ្សារម៉ាក្រូ បានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ចិញ្ចឹមសត្វយកស៊ុតលក់ ទាក់ទងទៅនឹងកង្វះទីផ្សារកន្លងមក។ ក្នុងនោះឯកឧត្តមបានធ្វើការបញ្ជាក់ដូច្នេះថា៖ « ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន និងអាជីវករប្រមូលទិញស៊ុតសត្វទាំងអស់នៅកម្ពុជា ជាពិសេសផ្សារម៉ាក្រូ ដែលបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ចិញ្ចឹមសត្វយកស៊ុតលក់ ទាក់ទងទៅនឹងកង្វះទីផ្សារកន្លងមក »។
ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលចូលរួមរកដំណោះស្រាយបញ្ហាប្រឈមរបស់កសិករកន្លងមក បានយ៉ាងល្អប្រសើរ ហើយមានការយោគយល់គ្នាខ្ពស់ ។ សូមជម្រាបផងដែរថា ផ្សារម៉ាក្រូបោះជំហានចូលក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំ និងលក់រាយធំបំផុត ដែលបច្ចុប្បន្នមានពីរសាខាគឺ ម៉ាក្រូភ្នំពេញ និងម៉ាក្រូខេត្តសៀមរាប។ ទន្ទឹមនឹងនេះ ផ្សារម៉ាក្រូតែងតែចូលរួមជួយលើកស្ទួយផលិតផលក្នុងស្រុកជាច្រើន ជាក់ស្ដែងដូចជាការប្រមូលទិញស៊ុតសត្វនៅកម្ពុជាជាដើម៕




អត្ថបទ៖ លីនី


