ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យចំនួនជាង ២.៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទងនឹងការធ្លាក់យន្តហោះ 737 MAX ចំនួនពីរលើក។ ការធ្លាក់យន្តហោះនេះបានសម្លាប់មនុស្សសរុបចំនួន ៣៤៦ នាក់ ដោយធ្លាក់លើកទី១ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១៨ និងលើកទី២ នៅអេត្យូពី ក្នុងឆ្នាំ២០១៩។ យោងតាមរបាយការណ៍របស់សភាអាមេរិកបានសន្និដ្ឋានថា ក្រុមហ៊ុន Boeing បានដឹងអំពីបញ្ហាខ្វះខាតនៅក្នុងប្រព័ន្ធមួយ ដែលធ្វើឱ្យយន្តហោះមានស្ថេរភាពក្នុងការហោះហើរ ប៉ុន្តែមិនបានរាយការណ៍ទៅអាជ្ញាធរទេ។
នាយកដ្ឋានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យជាង ២.៥ ពាន់លានដុល្លារ រួមទាំងសំណងសម្រាប់ជនរងគ្រោះ។ ជាមួយគ្នានេះដែរនៅក្នុងសេចក្ដីថ្លែងការណ៍បានលាតត្រដាងថា ការធ្លាក់យន្តហោនេះ គឺដោយសារភាពខ្ជីខ្ជា និងការបំភាន់ភ្នែករបស់និយោជិកនៃក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មលំដាប់ពិភពលោកមួយនេះ។ យ៉ាងណាមិញ យន្តហោះពាណិជ្ជកម្មប្រភេទ 737 MAX របស់ក្រុមហ៊ុនមួយនេះបានចាប់ផ្ដើុមដំណើរការឡើងវិញហើយកាលពីខែមុន ក្រោយពីផ្អាកអស់ពេលជិត ២ឆ្នាំ៕



អត្ថបទ៖ លីនី
ប្រភព៖ nhk


