រដ្ឋបាលចំណីអាហារនិងឪសថថៃ (FDA) បាននិយាយកាលពីពេលថ្មីៗនេះថា ត្រីខកំប៉ុង គឺមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដោយការប្រកាសនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភដែលបានលើកឡើង បន្ទាប់ពីមនុស្សម្នាបានលេចលឺពាក្យចចាមអារាមថាកម្មករចំនួន ៩១៤ នាក់នៅរោងចក្រផលិតត្រីខកំប៉ុងមួយនៅខេត្ត សាមុត សាខន បានតេស្តវិជ្ជមានវីរុស Covid-19។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានបដិសេធពាក្យចចាមអារាម ដែលបានលេចឡើងកាលពីថ្ងៃពុធ ដោយនិយាយថាករណីកូវីដចំនួន ៩១៤ គឺមកពីរោងចក្រជាច្រើននៅក្នុងខេត្ត មិនមែនគ្រាន់តែរោងចក្រផលិតត្រីខមួយកន្លែងដូចពាក្យចចាមអារ៉ាមនោះទេ។
លោកស្រី Suphattra Boonserm អនុលេខាធិការរបស់ រដ្ឋបាលចំណីអាហារនិងឪសថថៃ (FDA) មានប្រសាសន៍ថា៖ « រោងចក្រផលិតកំប៉ុងនៅក្នុងប្រទេសថៃអនុវត្តតាមស្តង់ដារនៃការផលិតល្អ ដែលតម្រូវឱ្យមានការសម្លាប់មេរោគនៃកំប៉ុងនៅ ១០០ អង្សាសេ ឬ ខ្ពស់ជាងនេះ ដែលក្តៅល្មមអាចសម្លាប់មេរោគទាំងអស់រួមទាំងវីរុស Covid-19 ផងដែរ។

លោកស្រីបានបន្តថា នៅពេលដែលស្បៀងអាហារ និងកំប៉ុងត្រូវបានសម្អាត នោះគ្មាននរណាម្នាក់អាចប៉ះពាល់វាដោយផ្ទាល់បានទេ ដូច្នេះអ្នកប្រើប្រាស់មិនគួរព្រួយបារម្ភអំពីវីរុសដែលឆ្លងពីកម្មករដែលមានផ្ទុកនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោកស្រី អនុលេខាធិការ ណែនាំឲ្យអ្នកប្រើប្រាស់គួរតែលាងសម្អាតកំប៉ុងមុនពេលបើកគម្របដើម្បីចម្អិនអាហារ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


