នាយកប្រតិបត្តិនៃប្រតិបត្តិករក្រុមហ៊ុន ANA និយាយថាក្រុមហ៊ុនអាកាសចរណ៍នឹងពិចារណាកាត់បន្ថយជើងហោះហើរ ប្រសិនបើស្ថានភាពអាសន្នត្រូវបានប្រកាសសម្រាប់ទីក្រុងតូក្យូ និងតំបន់ជុំវិញ។ ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន ANA Holdings លោក Katanozaka Shinya បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយ NHK កាលពីថ្ងៃអង្គារ។ នៅក្នុងបទសម្ភាសន៍នោះលោកបានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវអាកាស គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់សកម្មភាពសេដ្ឋកិច្ច។ ប៉ុន្តែក្រុមហ៊ុនរបស់លោក នឹងត្រូវកាត់បន្ថយ ឬ លុបចោលជើងហោះហើរ ប្រសិនបើតម្រូវការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ព្រោះក្រុមហ៊ុនមិនមានលទ្ធភាព ដើម្បីទប់សម្រាប់ការខាតបង់ប្រាក់ទៀតទេ។
លោកបានឲ្យដឹងបន្ថែមថា ការកាត់បន្ថយនឹងត្រូវបានធ្វើឡើងជាចម្បងសម្រាប់ការហោះហើរទាំងទៅ និងមកពីទីក្រុងតូក្យូ ដោយសារជំងឺរាតត្បាតរីករាលដាលបានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មធ្វើដំណើរតាមអាកាស។ យ៉ាងណាមិញក្រុមហ៊ុន ANA Holdings រំពឹងថា ការខាតបង់សុទ្ធរបស់ក្រុមនឹងកើនឡើងជិត ៥ ពាន់លានដុល្លារសម្រាប់ឆ្នាំដែលបញ្ចប់នៅខែមីនា។

លោក Katanozaka ក៏បាននិយាយផងដែរថា ផែនការវិលត្រឡប់របស់ក្រុមហ៊ុននឹងពាក់ព័ន្ធនឹងការចំណាយប្រាក់ជាង ៣.៨ ពាន់លានដុល្លារ ហើយលោកក៏បានមានប្រសាសន៍ថា គោលដៅធំបំផុតរបស់ក្រុមហ៊ុន គឺរស់ដោយខ្លួនឯង។ ខណៈលោកបានច្រានចោលគំនិតនៃការធ្វើសមាហរណកម្មនៃអាជីវកម្មហោះហើរអន្តរជាតិរបស់ខ្លួនជាមួយក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


