បន្ទាប់ពីដាក់ចេញយុទ្ធសាស្រ្តជាច្រើនរាប់មិនអស់ ដើម្បីស្ដារក្រុមហ៊ុនឡើងវិញ កាលពីពេលថ្មីៗនេះ ប្រធានស្តីទីនៃក្រុមហ៊ុន Thai Airways លោក Chansin Treenuchagron បាននិយាយថា នៅសប្តាហ៍ក្រោយនេះក្រុមហ៊ុនអាកាសចរណ៍ (Thai Airways International) នឹងស្នើសុំឲ្យតុលាការក្ស័យធនកណ្តាល បន្លាយពេលវេលាកំណត់សម្រាប់ការដាក់ផែនការស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ ក្នុងរយៈពេលមួយខែ ដោយគិតចាប់ពីថ្ងៃទី២ ខែមករាដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ លោក Chansin បានជឿជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អាចអនុវត្តផែនការនេះដោយជោគជ័យ ដោយយោងទៅតាមច្បាប់ផែនការស្តារនីតិសម្បទាត្រូវតែ ត្រូវបានអនុវត្តយ៉ាងពេញលេញក្នុងរយៈពេលប្រាំឆ្នាំ បន្ទាប់មកដំណើរការនៃការស្តារឡើងវិញអាចត្រូវបានពង្រីកពីរដងសម្រាប់មួយឆ្នាំម្តង។
ជាមួយគ្នានេះដែរប្រធានស្តីទីរូបនេះបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានបន្តមើលឃើញប្រាក់ចំណូលពីអាជីវកម្មអាកាសចរណ៍ និងអាជីវកម្មមិនមែនអាកាសចរណ៍។ លើសពីនេះលោកបន្តថាក្រុមហ៊ុន Thai Airways ក៏គ្រោងនឹងកាត់បន្ថយថ្លៃដើម ៣០ ភាគរយទៀតនៅឆ្នាំក្រោយដូចគ្នា។ គួរម្លឹកផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានព្យាយាមដោះស្រាយភាពក្ស័យធនក្នុងអំឡុងពេលមានការជាប់គាំង ហើយព្យាយាមទប់ការខាតបង់ច្រើនជាង ៣០០ ពាន់លានបាត។ ដោយសារជើង ហោះហើរជាច្រើនត្រូវបានផ្អាកដោយសារការរឹតត្បិតការធ្វើដំណើរ។ លើសពីនេះក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានព្យាយាមរកលុយតាមរយៈការធ្វើជំនួញនៅលើដីដូចជា ការបើកភោជនីយដ្ឋាន និងលក់សម្ភារៈចេញពីឃ្លាំង រួមទាំងដាក់លក់យន្តហោះឡៃឡុងមួយចំនួនផងដែរ៕




អត្ថបទ៖ លីនី
ប្រភព៖ nationthailand


