Moderna រំពឹងថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ Covid-19 ទម្រង់ថ្មីដែលរកឃើញនៅក្នុងប្រទេសអង់គ្លេស
អាជីវកម្ម December 24, 2020 Chan Sreyny

ក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងការពារជំងឺ Covid-19 របស់ខ្លួនត្រូវបានគេរំពឹងថា នឹងអាចប្រឆាំងនឹងជំងឺ Covid-19 ទម្រង់ថ្មីដែលត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ Moderna បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា « យើងនឹងធ្វើតេស្តបន្ថែម នៃវ៉ាក់សាំងនៅក្នុងសប្តាហ៍ខាងមុខនេះដើម្បីបញ្ជាក់ពីការរំពឹងទុកនេះ »។ Moderna ក៏បានបន្ថែមផងដែរថា ខ្លួនបានធ្វើតេស្តលើសត្វ និងមនុស្សជាមួយវ៉ាក់សាំងរបស់ខ្លួនដែលប្រឆាំងនឹងជំងឺ Covid-19 ដែលបានផ្ទុះជាលើកដំបូង ហើយបានរកឃើញថាវានៅតែមានប្រសិទ្ធិភាពដដែល។

ទន្ទឹមនឹងនេះ វ៉ាក់សាំងរបស់ Moderna ត្រូវបានដាក់ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ បន្ទាប់ពីវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនយក្សអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech SE ។

គួរឱ្យដឹងផងដែរថា អាជ្ញាធរសុខាភិបាលកាណាដាក៏បានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងរបស់ Moderna ផងដែរ។ ចំណែកប្រទេសជប៉ុន ក៏បានចុះកិច្ចព្រមព្រៀងជាមួយ Moderna ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រជាជនចំនួន ២៥ លាននាក់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews