ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ព្រមានថា ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រមូលទិញ និងប្រកបអាជីវកម្មទិញលក់កេសរកូលព្រៃ ឬ ផ្កាអ័រគីដេ ព្រៃទ្រង់ទ្រាយធំដែលបង្កឱ្យវិនាសបាត់ពូជនៅកម្ពុជា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញមានសកម្មភាពប្រមូលទិញលក់កេសរកូលព្រៃរបស់កម្ពុជាទៅកាន់ប្រទេសជិតខាង ខណៈក្រុមអ្នកស្រាវជ្រាវបានរកឃើញផ្កាព្រៃប្រភេទនេះប្រមាណជា៣០០ប្រភេទ កំពុងមានវត្តមានដុះនៅតាមតំបន់ព្រៃភ្នំនៃប្រទេសកម្ពុជា ក្នុងចំណោមការសន្និដ្ឋានថា មានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ឯកឧត្តម បានឱ្យដឹងថា ប្រភេទកេសរកូលព្រៃប្រមាណ៤០ភាគរយ ត្រូវបានគេរកឃើញនៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ភ្នំបូកគោ ខណៈ៣៥ភាគរយ ត្រូវបានគេរកឃើញនៅតំបន់ឆ្នេរ និងចំនួន២៣ភាគរយទៀត ត្រូវបានរកឃើញនៅតាមព្រៃរបោះស្ងួត និងនៅតាមតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។

យោងតាមច្បាប់ស្តីពីការហាមឃាត់ការទិញ-លក់ ការដឹកជញ្ជូន ការប្រមូល និងការធ្វើសន្និធិកេសរកូលព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានកំណត់ថារាល់ការកាប់ គ្រៀវ ចង រិត គាស់រម្លើង កាប់រំលំ ប្រមូល បំផ្លាញ រុករាន និងធ្វើសន្និធិរុក្ខជាតិដែលកំពុងរងគ្រោះថ្នាក់ ឬមានដោយកម្រ និងជិតផុតពូជ ដែលបានកំណត់ ដោយប្រកាសក្រសួងបរិស្ថាន ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដោយស្ថានទម្ងន់ទោសអាចដាក់ពន្ធនាគារពី១ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១៥លានរៀល ទៅ១៥០លានរៀល។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានកំណត់អត្តសញ្ញាណ និងប្រមូលប្រភេទកេសរកូលព្រៃប្រមាណ១៥០ប្រភេទ ដើម្បីធ្វើការបង្កាត់ពូជ និងអភិរក្សសម្រាប់ការសិក្សាស្រាវជ្រាវ៕


ប្រភព៖ ក្រសួងព័ត៌មាន


