ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz នឹងបិទរោងចក្រផលិតរថយន្តប្រណីតរបស់ខ្លួននៅប្រេស៊ីល
អាជីវកម្ម December 18, 2020 Chan Sreyny

ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ Mercedes-Benz កាលពីពេលថ្មីៗនេះនេះ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបិទរោងចក្រផលិតរថយន្តប្រណីតរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដោយសារតែទីផ្សារលំដាប់ខ្ពស់របស់ប្រទេសនេះត្រូវបានរងផលប៉ះពាល់បន្ថែមទៀតដោយជំងឺរាតត្បាត Covid-19 ។ រោងចក្រនេះ ត្រូវបានក្រុមហ៊ុនបើកដំណើរការកាលពីខែមីនា ឆ្នាំ ២០១៦ នៅទីក្រុង Iracemapolis ដែលជាក្រុងមួយនៅប្រទេសប្រេស៊ីលនឹងត្រូវបិទនៅខែនេះ។

លោក Jorg Burzer សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា « ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសប្រេស៊ីលមានការលំបាកអស់រយៈពេលជាច្រើនឆ្នាំ ហើយកាន់តែអាក្រក់ទៅៗ ដោយសារតែជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃការលក់រថយន្ត »។

គួរឱ្យដឹងផងដែរថា Mercedes-Benz នឹងស្វែងរកជម្រើសសម្រាប់និយោជិកចំនួន ៣៧០ នាក់របស់រោងចក្រនេះដោយការចូលនិវត្តន៍ដោយស្ម័គ្រចិត្ត៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet