ដំណាំមួយប្រភេទរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប អាចរកចំណូលបានច្រើនគ្រាន់បើ
អាជីវកម្ម December 12, 2020 Chan Sreyny

កសិករដាំដំណាំសណ្តែកកួរម្នាក់រស់នៅឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាចរកប្រាក់ចំណូលបានប្រមាណជាង ១០ម៉ឺនរៀល ជារៀងរាល់ថ្ងៃពីមុខរបរមួយនេះ។ អ្នកស្រី ជឿន គឹមស៊ិប អាយុ ៤២ឆ្នាំ ជាកសិកររស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងបានលើកឡើងថា មុខរបរដាំបន្លែលក់ធ្វើឱ្យជីវភាពគ្រួសារអ្នកស្រីមានភាពល្អប្រសើរជាងមុន ដោយសារអាចរកបានប្រាក់ចំណូលប្រចាំថ្ងៃអាចផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារបាន។ជាក់ស្តែង រាល់ថ្ងៃអ្នកស្រីដំាសណ្តែកកួរលើផ្ទៃដីតែជិត ២០០០ម៉ែត្រការ៉េប៉ុណ្ណោះ តែអាចលក់ចេញបោះឱ្យម៉ូយប្រចាំថ្ងៃជាមធ្យម ៧០ ទៅ ៨០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃ ២០០០រៀល។

អ្នកស្រីបន្តថា មុខរបរដាំបន្លែលក់នេះបានចាប់ផ្តើមរយៈពេលប្រមាណ ២០ឆ្នាំមកហើយ តែការដាំដុះមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវដោយចេះតៗគ្នាពីឪពុកម្តាយប៉ុណ្ណោះ មិនអាចរកប្រាក់ចំណូលបានច្រើនឡើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញកសិកម្ម ទើបធ្វើឱ្យមុខរបរដាំបន្លែរបស់អ្នកស្រីបានល្អប្រសើរ។

គួរជម្រាបផងដែរថា អ្នកស្រី ជឿន គឹមស៊ិប សព្វថ្ងៃដាំបន្លែជាច្រើនប្រភេទដូចជា៖ សណ្តែកកួរ ខ្ទឹមសន្លឹក ផ្កាខាត់ណា ស្ពៃក្រញាញ់ និងបន្លែជាច្រើនទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារប្រចាំថ្ងៃ៕

ប្រភព៖ ក្រសួងព័ត៌មាន