នៅលើវាលស្រែ ដែលកសិករបានច្រូតកាត់រួចមានចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាបយើងឃើញមានចំបើងមូរដុំៗរាប់ពាន់ដុំនៅរាយប៉ាយតាមវាលស្រែ ហើយយើងប្រាកដជាឆ្ងល់ថា តើគេមូលចំបើងដែលកសិករភាគច្រើនបានបោះចោលនៅតាមវាលស្រែនោះទៅធ្វើអ្វី។ លោក សង ស៊ីន ជាកសិករម្នាក់រស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ក្រោយពេលច្រូតកាត់រួចចំបើងភាគច្រើនត្រូវបានគេបោះបង់ចោល ដោយមិនបានគិតឡើយអំពីតម្លៃនៃសារៈប្រយោជន៍របស់វា ដោយសារតែការធ្វើកសិកម្មបច្ចុប្បន្ននេះមិនសូវពឹងផ្អែកលើកម្លាំងសត្វពាហនៈ ដូច្នេះហើយចំបើងដែលធ្លាប់តែត្រូវបានកសិករប្រមូលទុកធ្វើជាចំណីគោក្របីនោះក៏លែងមានតម្រូវការ ហើយក៏មិនបានគិតពីប្រយោជន៍វាផងដែរ។
ក៏ប៉ុន្តែក្រោយពីបានធ្វើការសិក្សាឃើញថា ចំបើងទាំងនោះមានប្រយោជន៍ច្រើនលោកក៏បានព្យាយាមប្រមូលយកចំបើងទាំងនោះដោយប្រើបច្ចេកទេសគ្រឿងចក្រ ហើយការប្រមូលចំបើងរបស់លោកមួយចំនួនទុកឱ្យគោខ្លួនឯងស៊ី និងធ្វើផ្សិតចំបើង និងមួយចំនួនទៀតលក់ទៅឱ្យអ្នកចិញ្ចឹមផ្សេងទៀត ដោយលោកទទួលបានចំណូលពីចំបើងនេះប្រមាណជា ៣ម៉ឺនដុល្លារ ក្នុងនោះកាត់ចេញទៅលើការចំណាយផ្សេងៗប្រមាណជា ៦០% នៅសល់ប្រាក់ចំណេញប្រមាណជាង ១ម៉ឺនដុល្លារ។

លោក សង ស៊ីន បន្តថា បើយើងបានគិតគូឱ្យបានស៊ីជម្រៅឃើញថានៅតាមវាលស្រែរបស់ប្រជាកសិករមួយចំនួនធំពេលច្រូតកាត់នៅសល់លុយរាប់លានរៀលដែលនៅយើងមិនទាន់ចេះកែច្នៃ និងទាញយកលុយទាំងនៅមកបាន។ លោកបនតថា សម្រាប់លោកការងារប្រមូលចំបើងនេះលោកបានធ្វើរយៈពេល ២ ឆ្នាំហើយដោយចំបើងទាំងនេះ លោកប្រមូលចេញពីស្រែផលិតស្រូវពូជរបស់លោកប្រមាណជា ៣ហិកតា ក្នុងមួយហិកតាអាចប្រមូលចំបើងបានប្រហែលជា ៦០០ដុំ ដែលក្នុងមួយដុំមានទម្ងន់ ១០គីឡូក្រាម។

ដុំចំបើងទាំងនេះ បើសិនជាមានការទិញលក់ក៏មានតម្លៃ ៣,០០០រៀល ដែរដូច្នេះលើវាលស្រែក្នុងមួយហិកតាបើមិនមានការកែច្នៃចំបើងទាំងនេះទេនោះ គឺវាស្មើនឹងការបោះចោលទឹកប្រាក់យ៉ាងហោចណាស់ក៏ជិត ២លានរៀល ដែរបើគិតទូទាំងប្រទេសអាចនិយាយបានថារាប់ពាន់លានរៀល។

លោកបន្ថែមទៀតថា ចេញពីផលចំបើងនេះដែរឆ្នាំនេះលោកចិញ្ចឹមគោមេបានចំនួន ០៧ក្បាល ឆ្នាំក្រោយលោកបន្ថែមគោមេឱ្យបាន ២០ក្បាល និងគោសាច់ ៤០ក្បាល ទៀតហើយសំណល់ចេញពីការបណ្តុះផ្សិត និងទទួលបានជីកំប៉ុសលោកគ្រោងនឹងដាំបន្លែសុវត្ថិភាពបន្ថែមទៀត ដែលគម្រោងទាំងនេះនឹងត្រូវបានប្រើប្រាស់ទុនចេញពីការរកប្រាក់ចំណេញដែលបានមកពីការបណ្តុះផ្សិតចំបើង ការលក់ចំបើងនេះឯង៕

ប្រភព៖ ក្រសួងព័ត៌មាន


