ក្រុមហ៊ុនឱសថ Pfizer របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ថា ខ្លួននឹងមិនអាចផ្តល់នូវចំនួនបន្ថែមទៀតនៃវ៉ាក់សាំងការពារវីរុស Covid-19 របស់ខ្លួនបានទេ រហូតដល់ចុងខែមិថុនា ឬខែកក្កដា ឆ្នាំ ២០២១ ដោយសារតែប្រទេសដទៃទៀតបានបញ្ជាទិញការផ្គត់ផ្គង់ជាច្រើន នេះបើយោងតាមការដកស្រង់ពីកាសែត Washington Post ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ កន្លងទៅនេះ។ យោងតាមកាសែតនេះ សេចក្តីប្រកាសរបស់ក្រុមហ៊ុនឱសថ Pfizer មានន័យថា រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រហែលជាមិនអាចបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងរបស់ក្រុមហ៊ុននេះបានលឿនដូចការរំពឹងទុកនោះទេ។ ជាលទ្ធផលនេះធ្វើឱ្យមានការសង្ស័យអំពីថា តើអាជ្ញាធរសហរដ្ឋអាមេរិកនឹងអាចគោរពតាមកាលវិភាគ និងចាក់វ៉ាក់សាំងចំពោះពលរដ្ឋភាគច្រើននៅចុងរដូវនិទាឃរដូវ ឬដើមរដូវក្តៅនេះបានដែរ ឬ យ៉ាងណា។
រដ្ឋបាលរបស់លោក Donald Trump បានបដិសេធថា ប្រទេសនេះអាចប្រឈមមុខនឹងបញ្ហាវ៉ាក់សាំងដែលអាចប្រើប្រាស់បាននៅត្រីមាសទី២ នៃឆ្នាំ ២០២១ ដោយសំអាងលើថ្នាំដទៃទៀតក្នុងការអភិវឌ្ឍន៍។ ប៉ុន្តែទោះជាយ៉ាងណា មន្រ្តីជាច្រើនដែលបានដឹងអំពីកិច្ចសន្យានេះបាននិយាយថា ការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុនផ្សេងទៀតប្រហែលជាមិនគ្រប់គ្រាន់ដើម្បីបំពេញចន្លោះនោះទេ។

គួរម្លឹកផងដែរថា កាលពីខែកក្កដា ក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ដែលធ្វើការទៅលើវ៉ាក់សាំង Covid-19 ជាមួយក្រុមហ៊ុនឱសថ Pfizer បាននិយាយថា ក្រុមហ៊ុនបានឈានដល់កិច្ចព្រមព្រៀងជាមួយអាជ្ញាធរសហរដ្ឋអាមេរិកស្តីពីការផ្គត់ផ្គង់វ៉ាក់សាំងរបស់ពួកគេរហូតដល់ ៦០០លានដូស។ យោងតាមក្រុមហ៊ុននេះ បន្ទាប់ពីទទួលបាននូវវ៉ាក់សាំងចំនួន ១០០លានដូសដំបូងហើយ ទីក្រុងវ៉ាស៊ីនតោនត្រូវបង់ប្រាក់ឱ្យក្រុមហ៊ុន BioNTech និងក្រុមហ៊ុន Pfizer ចំនួន ១.៩៥ ពាន់លានដុល្លារដុល្លារអាមេរិក នោះសហរដ្ឋអាមេរិកនឹងអាចទទួលបានវ៉ាក់សាំងបន្ថែមចំនួន ៥០០លានដូសទៀត។

ជាមួយគ្នានេះដែរ កាលពីដើមខែធ្នូ កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Pfizer រំពឹងថានឹងចែកចាយវ៉ាក់សាំង Covid-19 ដែលបានគ្រោងទុកសម្រាប់ដើមឆ្នាំនេះប្រហែលជាពាក់កណ្តាលនៃគម្រោងរបស់ខ្លួនក្នុងឆ្នាំនេះដោយ សារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ទោះបីជាក្រុមហ៊ុននៅតែរំពឹងថានឹងមានចំនួនច្រើនជាងមួយពាន់លានដូសក្នុងឆ្នាំ ២០២១ ។ ជាពិសេសក្រុមហ៊ុនសង្ឃឹមថានឹងចែកចាយថ្នាំ ១០០ លានដូសទូទាំងពិភពលោកនៅដំណាច់ឆ្នាំនេះ តែពេលនេះផែនការត្រូវបានកាត់បន្ថយមកត្រឹម ៥០ លានគ្រឿងវិញ។
សូមបញ្ជាក់ផងដែរថា វ៉ាក់សាំង Covid-19 របស់ Pfizer និង BioNTech ដែលមានប្រសិទ្ធិភាព ៩៥ ភាគរយត្រូវបានគេរំពឹងថា នឹងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក។ ជាមួយគ្នានោះកាលពីសប្តាហ៍មុនចក្រភពអង់គ្លេសបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ sputniknews


