ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ ក៏កសិករម្នាក់នៅខេត្តសៀមរាបរកប្រាក់ចំណូលបានចាប់ពី ៤ ទៅ ៦ លានរៀលក្នុង ១ខែពីការដាំបន្លែសុវត្ថិភាព
អាជីវកម្ម December 8, 2020 Chan Sreyny

កសិករម្នាក់រស់នៅខេត្តសៀមរាប បានចាប់យកមុខរបរដាំបន្លែលក់ប្រមាណ ២០ ឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះលោកងាកមកដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់វិញ ដោយសារផ្តល់ផលប្រយោជន៍ច្រើន និងអាចរកប្រាក់កម្រៃបានគួរសមប្រមាណពី ៤ ទៅ ៦ លានរៀលក្នុង ១ ខែដោយទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៀតផង។ លោក លន សាវុធ ដែលជាកសិករដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់នេះរស់នៅភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាបបានឱ្យដឹងថា លោកចាប់យកមុខរបរដាំបន្លែលក់រយៈពេលប្រមាណ ២០ ឆ្នាំមកហើយប៉ុន្តែចាប់ពីឆ្នាំ ២០១៩ មកលោកក៏ងាកមកដាំក្នុងផ្ទះសំណាញ់វិញ ព្រោះថាអាចដាំបានវិលជុំទាំងរដូវប្រាំង និងរដូវវស្សាហើយអាចរកប្រាក់ចំណូលបានច្រើនជាង ជាមធ្យមក្នុង ១ ខែអាចលក់បន្លែបានពី ៤ ទៅ ៦ លានរៀល។

លោកបន្តថា ផ្ទៃដីសម្រាប់ដាំដុះបន្លែសុវត្ថិភាពរបស់លោកមានទំហំប្រមាណ ៥០០០ម៉ែត្រការ៉េ ភាគច្រើនលោកដាំជាប្រភេទបន្លែស្លឹកសម្រាប់ផ្គត់ផ្គង់នៅផ្សារទំនើប ផ្សារបន្លែសុវត្ថិភាពចុងសប្តាហ៍នៅក្នុងក្រុងសៀមរាបជាដើម។ បន្លែស្លឹកដែលលោកដាំមានដូចជា៖ សាលាដ ស្ពៃតឿ ស្ពៃក្រញាញ់ ខាត់ណាដើម រ៉ូកែត ឆៃស៊ីន សាឡាត់បរទេស ស្លឹកខ្ទឹម។ ក្នុងមួយថ្ងៃលក់ចេញបានចាប់ពី​ ២០ ទៅ ៣០គីឡូក្រាម ដោយក្នុងមួយគីឡូចាប់ពី ៦០០០រៀល ឡើងទៅបន្លែនេះងាយស្រួលលក់ចេញព្រោះធានាសុវត្ថិភាពដល់អ្នកបរិភោគ។

លោកហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា បន្ទាប់ពីមានការជួយជំរុញផ្នែកបច្ចេកទេស និងសម្ភារនានាពីមន្ទីរកសិកម្ម និងអង្គការដៃគូនានាជាច្រើនឆ្នាំមក លោក លន សាវុធ បានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយជាកសិករគំរូទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសារលោកបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវក្នុងវិស័យកសិកម្ម ដើម្បីបង្កើនផលិតផលបន្លែសុវត្ថិភាពលក់លើទីផ្សារ។

លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា ខាងមន្ទីរបានសហការជាមួយអគ្គនាយកដ្ឋានកសិកម្មចុះពិនិត្យទីតាំងយកសំណាកដី សំណាកបន្លែយកទៅពិនិត្យនៅឡាបូដើម្បីបញ្ជាក់ថា គាត់ពិតជាកសិករគំរូក្នុងការអនុវត្តកសិកម្មល្អ ហើយខាងជំនាញបានចុះដល់ទីតាំងវាយតម្លៃទៅបានជាប់ជាកសិកម្មល្អចេញជាវិញ្ញាបនបត្រឱ្យគាត់។

គួរជម្រាបផងដែរថា លោកលន សាវុធ មានអាយុ ៥៨ ឆ្នាំលោកចាប់ផ្តើមដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចាប់ពីដើមឆ្នាំ ២០១៩ បច្ចុប្បន្នលោកមានផ្ទះសំណាញ់ចំនួន ៤ សម្រាប់ដាំដុះបន្លែសុវត្ថិភាពរបស់ខ្លួន។ លោកជាកសិករក្នុងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពនៅភូមិគោកដូងនៃកម្មវិធី ASPIRE និងបានទទួលផ្ទះសំណាញ់សម្រាប់ដាំបន្លែចំនួន ១ខ្នង ទំហំ ១០ម៉ែត្រx៣៦ម៉ែត្រ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំ និងការប្រែប្រួលអាកាសធាតុ (ASPIRE) ឆ្នាំ ២០១៩ និងបានសាងសង់ដោយថវិកាផ្ទាល់ខ្លួនចំនួន ៣ខ្នងទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន