ក្រុមហ៊ុនអាកាសចរណ៍មួយរបស់អាឡឺម៉ង់ នឹងបញ្ឈប់បុគ្គលិក ២៩,០០០នាក់នៅបំណាច់ឆ្នាំនេះ និងកាត់បន្ថយការងារចំនួន ១ ម៉ឺនកន្លែងផ្សេងទៀតនៅឆ្នាំក្រោយ
អាជីវកម្ម December 7, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Lufthansa នឹងបញ្ឈប់បុគ្គលិកចំនួន ២៩,០០០នាក់ នៅដំណាច់ឆ្នាំនេះហើយក្រុមហ៊ុនអាកាសចរណ៍អាឡឺម៉ង់មួយនេះ នឹងកាត់បន្ថយការងារចំនួន ១ ម៉ឺនកន្លែងផ្សេងទៀតនៅក្នុងប្រទេសកំណើតរបស់ខ្លួននៅឆ្នាំក្រោយ ខណៈពេលដែលខ្លួនកំពុងតស៊ូដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19 ។ Lufthansa និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Eurowings, Swiss, Austrian និង Brussels បានកាត់បន្ថយកាលវិភាគហោះហើររបស់ខ្លួន និងបុគ្គលិក ដោយការធ្វើដំណើរតាមផ្លូវអាកាសមិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដូចកម្រិតមុនពេលមានជំងឺរាតត្បាតមុនឆ្នាំ ២០២៥ នោះទេ។

Lufthansa នឹងកាត់បន្ថយការងារចំនួន ២០,០០០ កន្លែងនៅខាងក្រៅប្រទេសអាឡឺម៉ង់ ខណៈពេលដែលខ្លួនក៏កំពុងលក់អង្គភាពផ្គត់ផ្គង់ LSG របស់ខ្លួនដែលមានបុគ្គលិក ៧,៥០០ នាក់ដែលធ្វើឱ្យបុគ្គលិកសរុបបាត់បង់ការងារដល់ ១០៩,០០០ នាក់។ នៅឆ្នាំក្រោយការងារចំនួន ១ ម៉ឺនទៀតនឹងត្រូវកាត់បន្ថយនៅប្រទេសអាឡឺម៉ង់។

គួរឱ្យដឹងផងដែរថា កាលពីខែមុននាយកប្រតិបត្តិ Lufthansa បានសន្យាជាមួយនឹងសហជីពថា ក្រុមហ៊ុនអាកាសចរណ៍នឹងមិនកាត់បន្ថយបុគ្គលិកតទៅទៀតនោះទេ ជាថ្នូរនឹងការកាត់បន្ថយប្រាក់រង្វាន់ និងការទូទាត់ផ្សេងទៀត៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia