ក្រុមហ៊ុនផលិតឱសថ Moderna នឹងអាចផលិតវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ៥០០ លានដូសក្នុងឆ្នាំ ២០២១ នេះបើយោងតាមប្រសាសន៍របស់នាយកប្រតិបត្តិក្រុមហ៊ុនលោក Stéphane Bancel ។ Moderna បានដាក់ពាក្យសុំដែលស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិក និងសហគមន៍អ៉ឺរ៉ុបបន្ទាប់ពីលទ្ធផលពេញលេញពីការសិក្សាដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធិភាព ៩៤.១% ដោយគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរ។
លោក Bancel បាននិយាយនៅក្នុងសន្និសីទមួយថា « សម្រាប់ ៥០០ លានដូស ខ្ញុំពិតជាមានភាពជឿជាក់ថាយើងនឹងទៅដល់ទីនោះ (២០២១) »។ លោកក៏បាននិយាយផងដែរថា « ក្រុមហ៊ុន នឹងអាចរក្សាតម្លៃ ៣៧ ដុល្លារសម្រាប់កម្រិតថ្នាំវ៉ាក់សាំងរបស់ខ្លួន ទោះបីជាការរំពឹងទុកអាចនឹងធ្លាក់ចុះដល់ ២៥ ដុល្លារសម្រាប់ការផ្គត់ផ្គង់ក្នុងបរិមាណច្រើនដូចជានៅអាមេរិកក៏ដោយ »។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក គ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាមួយនៅថ្ងៃទី ១៧ ខែធ្នូ ដើម្បីពិភាក្សាអំពីសំណើរបស់ក្រុមហ៊ុនសម្រាប់ការផ្តល់ការអនុញ្ញាតជាបន្ទាន់សម្រាប់វ៉ាក់សាំងការពារជំងឺ Covid-19 របស់ខ្លួន។

លោក Bancel បានបន្ថែមថា ក្រុមហ៊ុនមានតម្រូវការថ្មីពីបណ្តាប្រទេសជាច្រើនដែលកំពុងស្វែងរកកម្រិតថ្នាំបន្ថែមទៀត បន្ទាប់ពីខ្លួនបានរាយការណ៍អំពីទិន្នន័យ។ Moderna ក៏បានបន្តកិច្ចសន្យារបស់ខ្លួនជាមួយក្រសួងសុខាភិបាលអ៊ីស្រាអែលដើម្បីផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៤ លានដូសបន្ថែមទៀត។
គួរឱ្យដឹងផងដែរថា Moderna នឹងផ្គត់ផ្គង់វ៉ាក់សាំងរហូតដល់ ១២៥ លានដូសនៅត្រឹមត្រីមាសទី ១ ឆ្នាំ ២០២១ ៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


