ក្ដីសង្ឃឹមថ្មី! Thai Airways នឹងចាប់ផ្តើមការហោះហើរឡើងវិញនៅចុងខែនេះ ក្រោយបញ្ឍរជើងចោលអស់ជិត ៩ខែ ជាមួយវិបត្តិហរិញ្ញវត្ថុ
អាជីវកម្ម December 3, 2020 Khmernote

ក្រោយផ្អាកការហោះហើរអស់រយៈពេលជិត ៩ខែ ដោយសារការរីករាលដាលនៃជំងឺ Covid-19 រួមជាមួយបញ្ហាហរិញ្ញវត្ថុ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងចាប់ផ្តើមការហោះហើរឡើងវិញរវាងទីក្រុងបាងកកនិងឈៀងម៉ៃ ក៏ដូចជាបាងកកនិងភូកេតនៅចុងខែនេះ ដោយការហោះហើរនឹងចាប់ផ្តើមត្រឡប់មកវិញនៅថ្ងៃបុណ្យណូអែល។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Thaiger ជើងហោះហើរពីទីក្រុងបាងកកទៅកាន់ខេត្តទេសចរណ៍សំខាន់ចំនួន ២ ត្រូវបានចាប់ផ្តើមដំណើរការចាប់តាំងពីថ្ងៃទី១ ខែមេសា ហើយចាប់ពីថ្ងៃទី ២៥ ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងដំណើរការចំនួន ៣ ជើងក្នុងមួយសប្តាហ៍នៅលើផ្លូវទាំងពីរ។

ជាមួយគ្នានេះដែរ ក្រៅពីការបន្តជើងហោះហើរក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងបើកដំណើរការជើងហោះហើរអន្តរជាតិមួយចំនួនចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី ២៧ ខែមីនា រួមទាំងជើងហោះហើរប្រចាំសប្តាហ៍ទៅកាន់ Frankfurt, London, Copenhagen, Sydney, Seoul, Manila, Taipei និង Osaka ដោយនឹងមាន ៣ ដងក្នុងមួយសប្តាហ៍ ហើយជើងហោះហើរពីទីក្រុងបាងកកទៅហុងកុងនឹងមានជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បាននិងកំពុងដោះស្រាយភាពក្ស័យធនក្នុងអំឡុងពេលមានការជាប់គាំង ហើយព្យាយាមទប់ការខាតបង់ច្រើនជាង ៣០០ ពាន់លានបាត។ ដោយសារជើងហោះហើរជាច្រើនត្រូវបានផ្អាកដោយសារការរឹតត្បិតការធ្វើដំណើរ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានព្យាយាមរកលុយតាមរយៈការធ្វើជំនួញនៅលើដីដូចជា ការបើកភោជនីយដ្ឋាន និងលក់សម្ភារៈចេញពីឃ្លាំង រួមទាំងដាក់លក់យន្តហោះមួយចំនួនផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger