បងប្អូនជនជាតិដើមភាគតិចនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បន្ទាប់ពីការងារធ្វើស្រែចម្ការបាននាំគ្នាដាំបន្លែ រកសត្វចង្រិត កង្កែបក្តាម ខ្យង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃជំនួសឱ្យការចូលព្រៃទៅរកផលអនុផលព្រៃឈើ។ ក្នុងឱកាសចុះពិនិត្យសកម្មភាពលក់ដូរនៅតាមទីប្រជុំជនស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្មីៗនេះ លោក ផាន់ យុត្ត អភិបាលស្រុកបានទទួលស្គាល់ថា បន្លែដែលបងប្អូនជនជាតិបានរែកពន់ដើរលក់ហើយប្រជាពលរដ្ឋយើងនិយមទិញយកទៅបរិភោគច្រើននោះ ព្រោះវាជាបន្លែធម្មជាតិដែលពួកគាត់ដាំដុះតាមលក្ខណៈគ្រួសារ។
លោកបន្តថា អាជ្ញាធររីករាយសប្បាយចិត្តបានឃើញពួកគាត់ចេះលក់ដូររកប្រាក់ដោះស្រាយជីវភាព ហើយក្នុងនាមអាជ្ញាធរលោកនឹងជំរុញឱ្យមន្ត្រីជំនាញកសិកម្មរកដៃគូដូចជាអង្គការអភិវឌ្ឍន៍ផ្នែកកសិកម្ម មកជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំដុះបន្លែបង្ការដើម្បីធ្វើឱ្យពួកគាត់មានជំនាញដាំដុះបានល្អ និងឱ្យទទួលបានផលច្រើន។

លោកស្រី ខេន យ៉ាន រស់នៅភូមិទាក់ទាម ឃុំសន្តិភាពបានលើកឡើងថា នៅឆ្នាំ ២០២០នេះ បងប្អូនជនជាតិច្រើនគ្នាបានកាត់បន្ថយការពឹងផ្អែកលើផលអនុផលព្រៃឈើ មកប្រកបរបរដាំបន្លែបង្ការលក់។លោកស្រីបន្ថែមថា មុខរបររែកពន់ ដើរលក់ដូរបងប្អូនជនជាតិពុំសូវចេះធ្វើទេ ដូច្នេះសូមអំពាវនាវឱ្យអតិថិជនជួយគាំទ្រទិញដូរបន្លែរបស់ពួកគាត់ផង ដើម្បីឱ្យបងប្អូនជនជាតិមានទឹកចិត្តក្នុងការដាំបន្លែ ហើយបានរួមគ្នាការពារធនធានធម្មជាតិ និងព្រៃឈើសហគមន៍ឱ្យបាននៅគង់វង្ស។

លោកស្រី ណែង ឡៃ ជនជាតិខិ នៅភូមិឃុំសេកុង ស្រុកសៀមប៉ាងដើរលក់បន្លែនេះដែរបានបញ្ជាក់ថា បច្ចុប្បន្នបងប្អូនជនជាតិភាគច្រើនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរប្រឹងប្រែងដាំដំណាំរួមផ្សំនិងបន្លែបង្ការដើម្បីចង់ផ្លាស់ប្តូរមុខរបរចាកចេញពីការចូលព្រៃ បរបាញ់សត្វ បេះផ្លែឈើ ឬកាប់ឈើជាដើម។ លោកស្រីបន្តថា ទោះបីជាការខិតខំព្យាយាមកែប្រែមុខរបរនេះយ៉ាងណាក៏ដោយ ក៏បងប្អូនមួយចំនួននៅមិនទាន់បោះបង់ចោលទាំងស្រុងបានដែរ ដូចជា៖ ដើររកឃ្មុំ ក្តាម ខ្យង កង្កែប ហ៊ីង ចង្រិត យកមកបរិភោគ និងនៅសេសសល់យកមកលក់។

សូមបញ្ជាក់ថា បងប្អូនជនជាតិដើមភាគតិចនៅស្រុកសៀមប៉ាងមានគ្រឹង កាវែត ខិ បច្ចុប្បន្នបានផ្លាស់ប្តូរទម្លាប់ច្រើន ចេះលក់ដូរផលិតផលដែលជាមុខរបរបន្ទាប់បន្សំ ដើម្បីរកប្រាក់ចំណូលបង្គ្រប់បន្ថែមក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃក្រៅពីការធ្វើស្រែចម្ការ៕
ប្រភព៖ ក្រសួងព័ត៌មាន


