ភ្នំពេញ៖ កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីជោគជ័យនៅខណ្ឌច្បារអំពៅ បានបន្តចែករំលែកបទពិសោធន៍ជូនដល់ប្រជាកសិករដែលមានបំណងចង់ចិញ្ចឹម ដើម្បីមានមុខរបរច្បាស់លាស់បង្កើនចំណូលក្នុងក្រុមគ្រួសារ ខណៈដែលបង្កងកំពុងមានតម្រូវការទីផ្សារ។លោក អ៊ិន សំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងស្ថិតនៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឱ្យដឹងថា ការចិញ្ចឹមបង្កងនេះ បើយើងចិញ្ចឹមក្នុងអាងយើងត្រូវរៀបចំអាងឱ្យបានស្អាតជាមុនសិន មុននឹងដាក់បង្កងចូលទៅ ។ ក្នុងអាងមិនត្រូវឱ្យមានជាតិកំបោរ ឬ ស៊ីម៉ង់ត៍ ដូច្នេះដើម្បីកម្ចាត់វាយើងត្រូវលាបឡាំងកូត ហើយដាក់ទឹកចូលទៅក្នុងអាង ត្រាំជាមួយដើមចេករយៈពេល១០ ថ្ងៃ ដើម្បីបន្សាបជាតិកំបោរ ឬ ស៊ីម៉ង់ត៍នៅក្នុងអាងនោះ។
លោកបន្តថា បន្ទាប់មក យើងដាក់ទឹកថ្មីចូល ដែលទឹកនោះត្រូវមាន PH=៧ ឫ PH=៧,៥ និងដាក់ចក ឬ សារាយ ដើម្បីជាជម្រក និងឱ្យបង្កងមានសុខភាពល្អ។ លោកបន្ថែមថា បើអាងមានទំហំ ១៨ ទៅ ២០ ម៉ែត្រការ៉េ ត្រូវដាក់អំបិល ១គីឡូក្រាម ចំពោះទឹកយើងត្រូវដាក់កម្ពស់ពី២តឹក ទៅ២តឹកកន្លះ បើយើងដាក់ជ្រៅពេកអត់មានអុកស៊ីសែននិងធ្វើឱ្យវាងាប់ ហើយយើងត្រូវប្រកតង់ ឬ ធ្វើដំបូលឱ្យត្រជាក់ ទើបបង្កងលូតលាស់ល្អ។

ជាមួយគ្នានេះលោកបន្តទៀតថា ក្នុងអាងទំហំ ១ម៉ែត្រការ៉េ យើងអាចដាក់បង្កងធំៗបានពី១០ ទៅ១៥ក្បាល ដោយឡែកកូនបង្កងតូចៗ ក្នុង១ម៉ែត្រការ៉េយើងអាចដាក់បានដល់ជាង ១០០០ក្បាល ហើយរយៈពេល ៦ខែយើងអាចលក់បានហើយ។ ការចិញ្ចឹមបង្កងសម្រាប់ខ្ញុំទីមួយ គឺមានទុន ទីពីរគឺទឹកចិត្តការស្រឡាញ់របស់យើងទន្ទឹមនឹងនោះយើងក៏ត្រូវរៀន បទពិសោធន៏លក្ខណៈបច្ចេកទេសហើយចំណុចសំខាន់ក្នុងការចិញ្ចឹមបង្កង គឺលក្ខណៈទឹកយើងត្រូវចេះគ្រប់គ្រងទឹកចេះវាស់ ទឹកអាងនិងយើងត្រូវលម្អិតនៅក្នុងបច្ចេកទេសទៀត។

លោកបានឲ្យដឹងបន្ថែមថា ពីដំបូងដែលខ្ញុំចិញ្ចឹមថ្មីថ្មោង គឺមួយខែខ្ញុំប្តូរម្តង ឬ លើសបន្តិចបន្តួចតែដល់ ក្រោយមកគឺមានរយៈពេលមួយខែជាងឬក៏ពីរខែយើងចេះធ្វើពិធីកែច្នៃទឹកយើងកែឆ្នៃកុំឲ្យធំក្លិនស្អុយឫក៏កាត់ស្លែកាត់អីទៅ យើងរក្សាទឹកហ្នឹងបានយូរដែរ។ ដោយឡែកចំពោះចំណីយើងត្រូវដាក់ឱ្យបង្កងស៊ីចំនួន ១ ដងក្នុងថ្ងៃ ហើយចំណីដែលយើងដាក់ឱ្យវាស៊ីគឺចំណី ដែលគេផលិតស្រាប់ៗ តែយើងក៏អាចផ្តល់ចំណីបន្ថែមផ្សេងទៀតដូចជា ល្ហុង ចេក ស្ពៃ កិនបញ្ចូលគ្នាឱ្យវាស៊ី ក៏បានដែរ ដើម្បីឲ្យបង្កងឆាប់ធំ។ លោក សំណាង ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើកសិករចង់ទៅរៀនផ្ទាល់អាចអញ្ចើញមកទីតំាងកសិដ្ឋានដោយពុំមាន យកលុយ ឬ ថ្លៃ បង្រៀនឡើយ ក្នុងគោលដៅជួយលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរឱ្យកាន់តែធូធារ៕
ប្រភព៖ ក្រសួងព័ត៌មាន


