អាជ្ញាធរកូរ៉េខាងត្បូងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានប្រកាសហាមប្រាមមិនឲ្យមានពិធីជប់លៀងឆ្លងឆ្នាំ និងការប្រគុំតន្ត្រីមួយចំនួន ហើយថែមទាំងបាននិយាយថា សូណាសាធារណៈ និងហាងកាហ្វេមួយចំនួនក៏ត្រូវតែបិទផងដែរ បន្ទាប់ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានកើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីថ្ងៃដំបូងនៃការរីករាតត្បាតនៃជំងឺនេះ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីពេលថ្មីៗនេះ។ ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែការកើនឡើងនៃករណីថ្មីៗ ក្នុងពេលបច្ចុប្បន្ននេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីមួយនេះ។
លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បាននិយាយថា ការរឹតបន្តឹងនឹងត្រូវបានអនុវត្តលើការប្រមូលផ្តុំ និងសកម្មភាពដែលគេមើលឃើញថាងាយនឹងឆ្លងវីរុសជាពិសេសនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុង។ ជាមួយគ្នានេះលោកបានប្រាប់សន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំមន្ត្រីសុខាភិបាលថា៖ « ព្រឹត្តិការណ៍ឆ្លងឆ្នាំនិងពិធីជប់លៀងដែលរៀបចំឡើងដោយសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងស្នាក់នៅផ្សេងៗទៀតនឹងត្រូវហាមឃាត់ទាំងស្រុង »។ បន្ថែមពីនេះ សូណា និងបន្ទប់ងូតទឹកដោយចំហាយដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគដ៏ធំក៏នឹងត្រូវហាមឃាត់ផងដែរ ហើយការបង្រៀនឧបករណ៍ប្រភេទផ្លុំខ្យល់ និងការច្រៀងក៏ត្រូវហាមឃាត់ដូចគ្នា។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូងបាននិយាយថា អាជ្ញាធរបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ៤៥០ នាក់បន្ថែមទៀត បន្ទាប់ពីបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃច្រើនជាង ៥០០ ករណីក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នាមកនោះ៕
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia