Walmart យីហោលក់រាយដ៏ធំរបស់អាមេរិកនឹងបោះជំហានចេញពីប្រទេសជប៉ុន ក្រោយលក់ភាគហ៊ុនរបស់ខ្លួនបានសម្រេច
អាជីវកម្ម November 17, 2020 Khmernote

ក្រុមហ៊ុន Walmart ដែលជាយីហោលក់រាយដ៏ធំរបស់អាមេរិកនឹងបោះជំហានចេញពីប្រទេសជប៉ុនបន្ទាប់ពីក្រុមហ៊ុននេះបានលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងផ្សារទំនើបជប៉ុន​ Seiyu។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ក្រុមហ៊ុន នេះ កំពុងលក់ភាគហ៊ុនភាគច្រើននៅក្នុងខ្សែសង្វាក់ផ្សារទំនើបជប៉ុន Seiyu ទៅឱ្យក្រុមហ៊ុនវិនិយោគ KKR និងក្រុមហ៊ុនអេឡិចត្រូនិច Rakuten ក្នុងតម្លៃជាង ១ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទទួលផលចំណេញមិនល្អអស់រយៈពេលជាច្រើនឆ្នាំ ចំពេលមានការប្រកួតប្រជែងខ្លាំង។

នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Walmart បានឲ្យដឹងថា ក្រុមហ៊ុន KKR នឹងទិញភាគហ៊ុន ៦៥% របស់ Walmart ពីក្រុមហ៊ុន Seiyu ហើយក្រុមហ៊ុន Rakuten នឹងទទួលបានភាគហ៊ុន ២០% ខណៈក្រុមហ៊ុន Walmart នឹងកាន់កាប់ភាគហ៊ុន ១៥% ។ សម្រាប់ Rakuten កិច្ចព្រមព្រៀងជាមួយ Seiyu ជួយឱ្យខ្លួនប្រកួតប្រជែងជាមួយគូប្រជែង Amazon រួមទាំងផ្សារទំនើបធំៗ របស់ជប៉ុនដូចជា Aeon និង Seven & I Holdings’s Ito-Yokado ក៏បាននិងកំពុងបង្កើនការវិនិយោគរបស់ពួកគេលើពាណិជ្ជកម្មអេឡិចត្រូនិចផងដែរ ខណៈអតិថិជនជប៉ុនមានទម្លាប់ជាយូរមកហើយក្នុងការទិញអាហារតាមអ៉ីនធឺណេត។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Walmart បានចូលទីផ្សារប្រទេសជប៉ុនជាលើកដំបូងក្នុងឆ្នាំ២០០២ ដោយទិញភាគហ៊ុន ៦% នៅក្នុងក្រុមហ៊ុន Seiyu ហើយបានបង្កើតភាគហ៊ុនរបស់ខ្លួនជាបណ្តើរៗ មុនពេលកាន់កាប់ភាគហ៊ុនពេញលេញក្នុងឆ្នាំ ២០០៨ ។ ក្រុមហ៊ុន Walmart ក៏ដូចក្រុមហ៊ុនបរទេសដទៃទៀតដូចជាក្រុមហ៊ុន Tesco និង Carrefour ដែលត្រូវបានទាក់ទាញដោយអំណាចចំណាយខ្ពស់របស់អតិថិជនជប៉ុន ប៉ុន្តែត្រូវបានខកចិត្តដោយការប្រកួតប្រជែងដ៏ស្វិតស្វាញ។ ទន្ទឹមនឹងនេះ នេះមិនមែន​ចជាលើកទីមួយទេរបស់ Walmart ក្នុងការបោះជំហានចេញេពីទីផ្សារបរទេស ដោយកន្លងមក Walmart បានចាកចេញ ចក្រភពអង់គ្លេស និងអាហ្សង់ទីន ខណៈបានព្យាយាមប្រកួតប្រជែងជាមួយនឹងគូប្រជែងក្នុងស្រុក។

ដោយឡែកនៅអាស៊ី ក្រុមហ៊ុននេះបានដកខ្លួនចេញពីប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០០៦ ហើយបានផ្លាស់ប្តូរការផ្តោតអារម្មណ៍នៅក្នុងប្រទេសចិនដើម្បីពង្រីកសង្វាក់ហាងរបស់សមាជិករបស់សមាជិកខណៈដែលការប្រកួតប្រជែងពីទីផ្សារអនឡាញដូចជា Alibaba កាន់តែខ្លាំងឡើង។ ទោះយ៉ាងណាក្រុមហ៊ុន Walmart កំពុងតែពង្រីកនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងការទិញក្រុមហ៊ុនផ្តល់សេវាកម្មអេឡិចត្រូនិច Flipkart ចំនួន ១៦ ពាន់លានដុល្លារ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Walmart Japan ដែលភាគច្រើនជាអាជីវកម្ម Seiyu បានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួន ៤៧ លានយ៉េនក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានរាយការណ៍ពីការខាតបង់នៅក្នុងឆ្នាំមុនៗ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia