ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់សរដ្ឋអាមេរិក Moderna កាលពីពេលថ្មីៗនេះបានប្រកាសថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនប្រឆាំងនឹងជំងឺ Covid-19 មានប្រសិទ្ធភាព ៩៤.៥% ដែលនេះជាការរកឃើញដ៏ធំទី២ ក្នុងការពិសោធន៍វ៉ាក់សាំង។ Moderna បានចេញលទ្ធផលដំបូងពីការសាកល្បងព្យាបាល ដែលមានអ្នកចូលរួមជាង ៣ ម៉ឺននាក់បន្ទាប់ពីក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កាលពីសប្តាហ៍មុនបាននិយាយថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាព ៩០% ។
ទន្ទឹមនឹងនេះ លោក Stephane Bancel នាយកប្រតិបត្តិរបស់ Moderna មានប្រសាសន៍ថា « ការវិភាគបណ្តោះអាសន្នវិជ្ជមាននេះ គឺបានមកពីការសិក្សាដំណាក់កាលទី៣ របស់យើងបានផ្តល់ឱ្យយើងនូវសុពលភាពនៃការព្យាបាលដំបូងដែលវ៉ាក់សាំងរបស់យើងអាចការពារជំងឺ Covid-19 រួមទាំងជំងឺធ្ងន់ធ្ងរផងដែរ »។

លើសពីនេះទៅទៀត Moderna គ្រោងនឹងដាក់ពាក្យស្នើសុំការយល់ព្រមជាបន្ទាន់នៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ហើយរំពឹងថានឹងមានចំនួនប្រមាណ ២០ លានដូសដែលត្រៀមនឹងដឹកជញ្ជូននៅអាមេរិកនៅចុងឆ្នាំនេះ។

គួរឱ្យដឹងផងដែរថា ករណីឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥៤ លាននាក់ និងមានអ្នកស្លាប់ច្រើនជាង ១.៣ លាននាក់ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


