ទោះបីវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើនក៏ដោយ ក៏ប្រជាពលរដ្ឋនៅកណ្ដាលមួយចំនួនបន្តប្រពៃណីត្បាញកន្ទេលកក់ខ្មែរ ដើម្បីការពារកុំឱ្យបាត់បង់ និងបង្កើនចំណូលក្នុងគ្រួសារ
អាជីវកម្ម November 14, 2020 Chan Sreyny

ប្រជាពលរដ្ឋនៅឃុំរកាកោង មួយចំនួននៅតែបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមខ្មែរតពីដូនតា ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងរក្សានូវទំនៀមទម្លាប់ពីបុរាណឱ្យបានគង់វង្ស។ ទោះបីវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋភាគច្រើនបានចេញទៅធ្វើការនៅឯរាជធានីភ្នំពេញក៏ដោយ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀតភាគច្រើនជាស្រ្តីមេផ្ទះ នៅក្នុងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល នៅតែបន្តប្រពៃណីពីដូនតាត្បាញកន្ទេលកក់ក្រហមខ្មែរ សម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារ និងការផ្គត់ផ្គង់តម្រូវការទីផ្សារថែមទៀតផង។

កីតម្បាញមានចាក់ មានដំដោយបន្លឺឡើងតំាងពីម៉ោង ៤ព្រឹកព្រលឹម ផ្តើមចេញពីផ្ទះអ្នកស្រី សំ សុភា ស្ថិតក្នុងភូមិព្រែកជ្រៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលកំពុងត្បាញកន្ទេលកក់ក្រហមជាមួយនឹងកូនស្រីរបស់គាត់។ អ្នកស្រីបានឱ្យដឹងថា គ្រួសារអ្នកស្រីបានបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមខ្មែរនេះតំាងពីយូរមកហើយ ព្រោះមុខរបរនេះបានផ្តល់ប្រាក់ចំណូលបន្ថែមក្រៅពីរបរធ្វើស្រែចម្ការ អាចឱ្យកូនចៅបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នា។

អ្នកស្រីបន្តថា ទោះបីពេលនេះប្រព័ន្ធបច្ចេកវិទ្យារីកចម្រើនមានការត្បាញកន្ទេលជ័រស្វ័យប្រវត្តិក៏ដោយ ក៏អ្នកស្រីនៅតែទទួលបានការបញ្ជាទិញកន្ទេលកក់ខ្មែរជាហូហែរដូចសព្វដង ហើយមានតម្លៃល្អជាងមុន ដោយសារតែកន្ទេលនេះគេងទៅត្រជាក់ខ្លួន ប្រើប្រាស់បានយូរ និងមានសោភ័ណភាពស្រស់ស្អាតដែលផលិតដោយដៃផ្ទាល់។

« រាល់ថ្ងៃនេះ ខ្ញុំត្បាញកន្ទេលដើម្បីរកចំណូលជួយផ្គត់ផ្គងគ្រួសារផង និងដើម្បីឱ្យកូនបានរៀនសូត្រផង ហើយបន្ទាប់ពីការធ្វើស្រែចម្ការទៅយើងត្បាញកន្ទេលហ្នឹងឋិតថេររាល់ថ្ងៃ។ មួយវិញទៀត ខ្ញុំសូមអំពាវនាវទៅបងប្អូនខ្មែរយើងជួយគាំទ្រកន្ទេលកក់ក្រហមខ្មែរផង ពីព្រោះពួកយើងនៅរក្សាបានទំនៀមទម្លាប់ ពីបុរាណមកដល់សព្វថ្ងៃនេះផងដែរ »។

អ្នកស្រីបានឱ្យដឹងទៀតថា នៅក្នុងភូមិព្រែកជ្រៅនេះគឺនៅមានគ្រួសារជាច្រើនទៀតបានបន្តប្រពៃណីត្បាញកន្ទេលក្រហមនេះ ដោយសារតែប្រជាពលរដ្ឋនៅតែពេញនិយមប្រើកន្ទេលកក់ក្រហមខ្មែរសម្រាប់ក្រាលក្នុងពិធីផ្សេងៗ និងមួយទៀតគឺដើម្បីរក្សាប្រពៃណីពីចាស់បុរាណ។ ម្យ៉ាងទៀត មុខរបរត្បាញកន្ទេលកក់នេះបានជួយសម្រួលជីវភាព ពោលគឺចំណេញជាងការធ្វើស្រែចម្ការព្រោះមិនចំណាយដើមទុនច្រើន។

អ្នកស្រីបានបន្តថា ដើម្បីត្បាញកន្ទេលកក់ក្រហមខ្មែរត្រូវប្រើកម្លាំងចាប់ពី ២ ទៅ ៣នាក់ ហើយដោយគិតពីគុណភាពក្នុង ១ ថ្ងៃអាចត្បាញបានកន្ទេលតែ​ ១ ប៉ុណ្ណោះក្នុងតម្លៃពី ១០ម៉ឺន ទៅ ១២ម៉ឺនរៀល ទៅតាមទំហំកន្ទេលតូច ឬធំ។ លោក អ៊ុក ណែម ជាមេភូមិព្រែកជ្រៅបានឱ្យដឹងថា សព្វថ្ងៃនេះប្រជាពលរដ្ឋនៅភូមិព្រែកជ្រៅមានប្រហែលជាង ៣០គ្រួសារ បានបន្តត្បាញកន្ទេលកក់ក្រហមខ្មែរនេះគឺទីមួយនៅរក្សាបាននូវប្រពៃណីពីចាស់បុរាណជំនាន់មុន និងមួយទៀតគឺដើម្បីបង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសារប្រចាំថ្ងៃបន្ទាប់ពីការធ្វើស្រែចម្ការ។

លោកមេភូមិបាន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរសូមជួយគាំទ្រទិញផលិតផលកន្ទេលកក់ក្រហម របស់អ្នកភូមិព្រែកជ្រៅផងដើម្បីជួយរក្សាស្នាដៃ និងមរតកដែលបន្សល់ទុកតាំងពីដូនតាមក និងម៉្យាងទៀតក៏ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមជនបទឱ្យមានការងារធ្វើ និងមានជីវភាពធូធារផង៕

ប្រភព៖ ក្រសួងព័ត៌មាន