ហាងលក់គ្រឿងទេសនៅទូទាំងសហរដ្ឋអាមេរិកបានកំពុងកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតទឹកដូងថៃ Chaokoh និងអ្នកផ្គត់ផ្គង់ផលិតផលដូងរបស់ថៃផ្សេងទៀត បន្ទាប់ពីក្រុមសកម្មជនការពារសិទ្ធិសត្វអន្តរជាតិ (PETA) បានធ្វើការស៊ើបអង្កេតនៅកសិដ្ឋានដូងថៃ ហើយបានរកឃើញថា សត្វស្វាត្រូវបានចាប់យកមកពីព្រៃ ហើយត្រូវបានគេចាត់ទុកដូចជា ម៉ាស៊ីនបេះផ្លែដូង។ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ថ្មីៗនេះហាងលក់គ្រឿងទេសអាមេរិករួមមាន៖ Costco, Wegmans, Walgreens, Food Lion, Giant Food and Stop & Shop បានបញ្ឈប់ការលក់ផលិតផលដូងពីអ្នកផ្គត់ផ្គង់ថៃ ដែលប្រើសត្វស្វាដើម្បីប្រមូល និងបេះផ្លែដូង។ ខណៈអ្នកលក់រាយនៅបស្ចិមប្រទេសផ្សេងទៀត ក៏កំពុងធ្វើពហិការផលិតផលដូងរបស់ថៃដែលបានមកពីពលកម្មស្វា ឆ្លើយតបនឹងការស៊ើបអង្កេតរបស់ PETA ដែរ ដូចជានៅចក្រភពអង់គ្លេស ខ្សែច្រវ៉ាក់របស់ហាង Waitrose, Ocado, Co-op និង Boots បានប្រកាសកាលពីដើមឆ្នាំនេះ ថាពួកគេនឹងឈប់លក់ផលិតផលដូងមួយចំនួនពីប្រទេសថៃដែលប្រើកម្លាំងសត្វស្វា។
ជាមួយគ្នានេះ PETA បាននិយាយថា សត្វស្វាត្រូវបានគេដាក់ច្រវ៉ាក់ និងធ្វើឲ្យវង្វេងស្មារតី ទទួលការបង្ហាត់បង្រៀនបំពាន និងបង្ខំឱ្យឡើងដើមដូងដើម្បបេះយកដូងដែលត្រូវបានប្រើដើម្បីផលិតទឹកដោះគោដូង សាច់ម្សៅ ប្រេង និងផលិតផលផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើនជ្រើសរើសទឹកដោះគោដូងជំនួសទឹកដោះគោ ព្រោះពួកគេមិនក្លាយជាអ្នកគាំទ្រដល់ភាពសាហាវឃោរឃៅចំពោះសត្វទេ ប៉ុន្តែបែរជាត្រូវមកជួបនឹងការធ្វើទារុណកម្មលើសត្វស្វា ដើម្បបេះផ្លែដូង ដែលនៅក្នុងប្រទេសថៃគិតថាជារៀងធម្មតាទៅវិញ៕






អត្ថបទ៖ លីនី
ប្រភព៖ thethaiger


