ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយក៏អាជីវករលក់វត្ថុអនុស្សាវរីយ៍ ដែលផលិតពីផ្តៅរពាក់ តាមដងផ្លូវក្នុងស្រុកបន្ទាយស្រី នៅតែបន្តមុខរបររបស់ខ្លួនដើម្បីបន្តប្រពៃណី និងលើកកម្ពស់ផលិតផលធ្វើដោយដៃនៅក្នុងស្រុក និងដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ។ បើនិយាយដល់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រៅពីការទស្សនាប្រាសាទបុរាណ និងទេសភាពដ៏ស្រស់ស្អាតហើយនោះ ក្រុមអ្នកទេសចរក៏បានឃើញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការតំាងលក់របស់របរអនុស្សាវរីយ៍ផ្សេងៗជាច្រើនធ្វើអំពីផ្តៅ រពាក់ ឫស្សី និងវត្ថុអនុស្សាវរីយ៍ធ្វើពីដើមត្នោត ដែលមានក្បួនខ្នាតបែបសិល្បៈបុរាណ។
នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ លោក ខាន់ សុវត្ត ជំទប់ទី១ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា អាជីវករលក់វត្ថុអនុស្សាវរីយ៍ធ្វើពីដើមត្នោត និងផលិតផលប្រើប្រាស់ពីផ្តៅ រពាក់ និងឫស្សីនៅតាមដងផ្លូវក្នុងឃុំខ្នារសណ្តាយនៅតែបន្តមុខរបររបស់ខ្លួន ទោះបីជាការរកប្រាក់ចំណូលបានទាបជាងមុនក៏ដោយ។

លោកបន្តថា មុខរបរនេះពិតជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ពីព្រោះមិនត្រឹមតែអ្នកលកទេដែលទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋជាអ្នកផលិត និងជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមក៏ទទួលបានផលប្រយោជន៍ផងដែរ។ លោកថា អ្វីដែលសំខាន់គឺបានរក្សាស្នាដៃរបស់ដូនតាខ្មែរ ដែលប្រជាពលរដ្ឋបានចេះធ្វើតៗគ្នាតំាងពីបុរាណមក ដែលជួយលើកកម្ពស់តម្លៃវប្បធម៌ជាតិ។

លោកបន្តថា ទោះបីអត់មានភ្ញៀវបរទេសមកទិញ តែគាត់អាចលក់ឱ្យភ្ញៀវខ្មែរដែលមកលេងនៅស្រុកបន្ទាយស្រី គាត់អាចលក់ដាច់ធម្មតាតែអត់ដូចលើកមុនចំណូលបានតិចជាងមុន។ ការលក់ដូរនៅតាមដងផ្លូវរបស់គាត់មានផលប្រយោជន៍ច្រើនចំពោះបងប្អូននៅក្នុងឃុំ ដោយសារគាត់បានជួយទិញផលិតផលពីកសិករយកទៅដាក់លក់។

អាជីវករលក់វត្ថុប្រើប្រាស់ធ្វើអំពីផ្តៅ រពាក់ ឫស្សី និងដើមត្នោតអ្នកស្រី ថ្លាង ដួង រស់នៅភូមិតាកុះ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រីបានឱ្យដឹងថា អ្នកស្រីចាប់យកមុខរបរនេះរយៈពេលប្រមាណ ២០ ឆ្នាំមកហើយ ដោយមុខរបរនេះបានរួមចំណែកលើកកកម្ពស់ជីវភាពគ្រួសារអ្នកស្រី ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះហាក់រកចំណូលបានតិចដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។

អ្នកស្រីបានសំណូមពរភ្ញៀវទេសចរទាំងអស់ ដែលបានឆ្លងកាត់ស្រុកបន្ទាយស្រីសូមបន្តជួយគាំទ្រផលិតផលខ្មែរ ធ្វើដោយដៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដើម្បីបានចិញ្ចឹមជីវិត។ អ្នកស្រីប្រាប់ថា អ្នកស្រីមានលក់ស្ករ ជាល ចង្អេរ គ្រឿងត្នោត របស់របរសព្វមុខធ្វើពីឫស្សី រពាក់ ផ្តៅ បើត្នោតយើងធ្វើខ្លួនយើង បើជាល កន្ត្រក ទ្រូលើកពីគេទាំងអស់យកមកលក់ចំណេញតិចតួចទៅបានហូបទៅបើលក់អត់ដាច់ក៏អត់ទៅ។ សព្វថ្ងៃបានតែពេលថ្ងៃបុណ្យខ្មែរដើរលេងចំបុណ្យអីបានដាច់ខ្លះ បើអត់បុណ្យអ៊ីចេះធម្មតាថ្ងៃណាក៏បាន ១ម៉ឺន ២ម៉ឺន ថ្ងៃណាក៏អត់យើងលក់ទៅបានចំណេញតិចតួចយើងទិញម្ហូប អាហារអង្ករធ្វើស្បៀង។

គួរជម្រាបផងដែរថា ឃុំខ្នារសណ្តាយមានភូមិចំនួន៦ ក្នុងនោះប្រជាពលរដ្ឋដែលប្រកបរបរលក់វត្ថុអនុស្សាវរីយ៍ពីដើមត្នោត និងផលិតផលប្រើប្រាស់ធ្វើអំពីផ្តៅ រពាក់ និងឫស្សីមានចំនួនជិត ១០០ គ្រួសារជាមុខរបរនេះបន្ទាប់ពីរបរស្រែចម្ការ ដោយមិនចាំបាច់ធ្វើចំណាកស្រុក៕
ប្រភព៖ ក្រសួងព័ត៌មាន


