ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិក Pfizer អះអាងថាវ៉ាក់សាំងពិសោធរបស់ខ្លួនមានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារជំងឺ Covid-19 និងដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់នៅអាមេរិកក្នុងពេលឆាប់ៗនេះ
អាជីវកម្ម November 10, 2020 Chan Sreyny

ក្រុមហ៊ុនផលិតឱសថដ៏ធំរបស់អាមេរិកឈ្មោះ Pfizer Inc បានប្រកាសថា វ៉ាក់សាំងពិសោធរបស់ខ្លួនមានប្រសិទ្ធភាពជាង ៩០% ក្នុងការការពារជំងឺ Covid-19 ក្នុងពេលសិក្សានៅដំណាក់កាលចុងក្រោយ ដោយបង្កើនការរំពឹងទុកនៃរបកគំឃើញមួយក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ។

Pfizer ត្រូវបានគេរំពឹងថា នឹងដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់នៅសហរដ្ឋអាមេរិកសម្រាប់វ៉ាក់សាំងដែលមានសក្តានុពលនៅដើមខែនេះ បន្ទាប់ពីប្រមូលទិន្នន័យសុវត្ថិភាពបន្ថែម។ ក្រុមហ៊ុនមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការផ្គត់ផ្គង់ប្រទេសវ៉ាក់សាំងចំនួន ១២០ លានដូសសំរាប់ប្រជាជន ៦០ លាននាក់ ឫប្រហែលពាក់កណ្តាលនៃប្រជាជនរបស់ខ្លួន។

ទន្ទឹមនឹងនេះ Pfizer និងដៃគូអាល្លឺម៉ង់ BioNTech SE គឺជាអ្នកផលិតឱសថដំបូងគេក្នុងចំណោមអ្នកផលិតថ្នាំនៅសហរដ្ឋអាមេរិក និងនៅអ៊ឺរ៉ុបដែលបង្ហាញថាវ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺ ដែលបណ្តាលមកពីជំងឺ Covid-19 នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ។ Pfizer បាននិយាយថា លទ្ធផលបានបង្ហាញថាវ៉ាក់សាំងនេះអាចជួយការពារការជំងឺ Covid-19 នៅក្នុងមនុស្សភាគច្រើនដែលបានទទួលវា។

គួរឱ្យដឹងផងដែរថា ចំនួនអ្នកឆ្លងជំងឺ Covid-19 ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី ៩ ខែវិច្ឆិកា នៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីមានការរាតត្បាតដល់ទៅជាង ១០ លាននាក់ និងមនុស្សជាង ២៣៧,០០០ នាក់បានស្លាប់ដែលជាចំនួនអ្នកស្លាប់ខ្ពស់ជាងគេនៅលើពិភពលោក៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews