របរចិញ្ចឺមមាន់ស្រែ ជារបរមួយដែលកំពុងពេញនិយមខ្លាំងនៅកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ នេះតែម្ដង។ ការចិញ្ចឹមមាន់ស្រែមិនពិបាកនោះទេ ឲ្យតែយើងមានបច្ចេកទេស និងចំណេះជំនាញច្បាស់លាស់ ហើយរបរនេះក៏រកចំណូលបានច្រើនផងដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី០៣ ខែតុលា កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញចុះត្រួតពិនិត្យកសិដ្ឋានតាអ៊ី ៦១៩ ចិញ្ចឹមមាន់ស្រែ នៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង។ លោក ឡេង ស៊ីវុទ្ធី (អតីតពលករកូរ៉េ) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា កសិដ្ឋានចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧ ជាបណ្តើរៗដោយមានការជ្រោមជ្រែងពីមន្ទីរ និងបទពិសោធន៍ចិញ្ចឹមដែលទទួលបានពីប្រទេសកូរ៉េ។
ខណៈមកទល់ឆ្នាំ២០២០ នេះ កសិដ្ឋានមានការវិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយបច្ចុប្បន្នមានមេពូជចំនួន ៣០០ ទុកបង្កាត់ ភ្ញាស់យកកូនលក់ក្នុងតម្លៃចាប់ពី ៤៥០០ ទៅ ៥០០០រៀល/ក្បាល ហើយក៏មានចិញ្ចឹមមាន់សាច់សម្រាប់លក់ផងដែរ ដោយអាចរកចំណូលបានពី ១៥០០ ទៅ ២០០០ដុល្លារ/ខែ។ ជាមួយគ្នានេះដោយបានឃើញជាក់ច្បាស់ថាអាជីវកម្មរបស់កសិដ្ឋាន ពិតជាទទួលបានជោគជ័យមែន ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងគាំទ្រឲ្យកសិដ្ឋានខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និង ២០៥០ និងគួរពង្រីកអាជីវកម្មដើម្បីចូលរួម រក្សាឲ្យបាននូវសន្តិសុខស្បៀង ដោយឆ្លៀតយកឱកាសមាសនេះពង្រីកអាជីវកម្មមាន់ស្រែស្របតាមសេចក្តីត្រូវការទីផ្សារ៕
អត្ថបទ៖ លីនី