ទោះបីមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ Disneyland នៅជប៉ុនបើកតំបន់ទាក់ទាញថ្មីដោយផ្អែកលើខ្សែភាពយន្ត “ Beauty and the Beast ”
អាជីវកម្ម September 29, 2020 Chan Sreyny

Disneyland នៅទីក្រុងតូក្យូ បានបើកតំបន់ទាក់ទាញថ្មីមួយកាលពីថ្ងៃច័ន្ទ ទី ២៨ ខែកញ្ញា ដោយផ្អែកលើខ្សែភាពយន្តរឿង “ Beauty and the Beast ”។

ការបើកនេះ គឺមានរយៈពេលជាង ៦ ខែបន្ទាប់ពីការគ្រោងទុក ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។ ប្រតិបត្តិករឧទ្យានកម្សាន្តនេះ បានអនុវត្តគម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមរយៈពេល ៣ ឆ្នាំ។

ទីតាំងសម្គាល់ថ្មីនៃតំបន់នេះ គឺជាប្រាសាទកម្ពស់ ៣០ ម៉ែត្រដែលមានកន្លែងទាក់ទាញ ដែលតំណាងឱ្យឈុតឆាកល្បីល្បាញពីខ្សែភាពយន្ត។ អ្នកទស្សនាតម្រូវឱ្យធ្វើការកក់តាមរយៈកម្មវិធីស្មាតហ្វូន ហើយត្រូវបានជ្រើសរើសដោយការចាប់ឆ្នោត ដើម្បីចូលទៅក្នុងតំបន់ថ្មី។ ការរៀបចំចូលនេះ អនុញ្ញាតឱ្យភ្ញៀវទេសចរចូលដោយរលូន ដោយមិនចាំបាច់រង់ចាំជាជួរនៅថ្ងៃបើកឡើយ។

គួរឱ្យដឹងផងដែរថា ប្រតិបត្តិករមានបំណងរក្សាចំនួនអ្នកទស្សនាឱ្យនៅតិចជាងពាក់កណ្តាលកម្រិតធម្មតា ដើម្បីចៀសវាងការកកកុញ និងការពារការឆ្លងជំងឺ Covid-19 ៕

អត្ថបទ៖ នីតា
ប្រភព៖ nhk