ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ប្រកាសពីការកាត់បន្ថយបុគ្គលិកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ
អាជីវកម្ម September 11, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ៤,៣០០នាក់ ឬប្រហែល ២០% នៃបុគ្គលិករបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ដែលបណ្ដាលឱ្យមានការកាត់បន្ថយបុគ្គលិកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។

Singapore Airlines បានបញ្ជាក់ជាថ្មីពីការព្យាករណ៍របស់ខ្លួន​ ដែលខ្លួនរំពឹងថានឹងដំណើរការតិចជាង ៥០% នៃជើងហោះហើរធម្មតារបស់ខ្លួនត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ។ ដោយបច្ចុប្បន្ននេះ Singapore Airlines ដំណើរការជើងហោះហើរត្រឹមតែ ៨% ប៉ុណ្ណោះ។​ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ មិនមានជើងហោះហើរក្នុងស្រុកនោះទេ ដោយពឹងផ្អែកទាំងស្រុងលើតម្រូវការអន្តរជាតិ ខណៈពេលដែលព្រំដែនជាច្រើននៅតែបិទបានធ្វើឱ្យ Singapore Airlines ខាតបង់យ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ សមាគមអាកាសចរណ៍អន្តរជាតិបានព្យាករណ៍ថា ក្រុមហ៊ុនអាកាសចរណ៍នឹងចំណាយពេលរហូតដល់ឆ្នាំ ២០២៤ ដើម្បីឱ្យអ្នកដំណើរទូទាំងពិភពលោកវិលត្រឡប់ទៅរកកម្រិតដូចកាលពីមុនមានជំងឺរាតត្បាត៕

អត្ថបទ៖ នីតា
ប្រភព៖ reuters