អាជ្ញាធរទីក្រុងហូជីមិញ បានអនុញ្ញាតឲ្យបារ ក្លឹប ចំនួន ១៨០ កន្លែង បន្តប្រតិបត្តិការឡើងវិញចាប់ពីម៉ោង ៦ ល្ងាចនេះតទៅ បន្ទាប់ពីបិទអស់រយៈពេលជាងមួយខែ ដើម្បីទប់ស្កាត់រលកទី២ នៃការរីករាលដាលវីរុស Covid-19។ ការផ្លាស់ប្ដូរនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីនៅតំបន់ភាគខាងត្បូងនៃប្រទេសមិនបានរាយការណ៍ពីការឆ្លងក្នុងសហគមន៍អស់រយៈពេល ៣៨ថ្ងៃ ហើយនឹងករណីឆ្លងនៅតំបន់រួមមាន ដាណាង ក្វាងណាម និងហាយឌុង ត្រូវបានគ្រប់គ្រង។
គួរម្លឹកផងដែរថា បារ និងក្លឹបនៅក្រុង សៃហ្គន បានបើកដំណើរការវិញកាលពីថ្ងៃទី០៩ ខែឧសភា បន្ទាប់ពីត្រូវបានបិទចាប់តាំងពីពាក់កណ្ដាលខែមីនា ដោយសារការរីករាលដាលនៃវីរុស Covid-19។ យ៉ាងណាមិញ បន្ទាប់ពីជំងឺនេះ បានកើតឡើងម្តងទៀតកាលពីចុងខែកក្កដា អាជ្ញាធរក្រុងបានបិទសេវាកម្មកម្សាន្ត និងហាមឃាត់ព្រឹត្តិការណ៍ដែលមានមនុស្សច្រើនកុះករ។ ក្រៅពីនេះតំបន់ជាច្រើនទៀតដូចជា Khanh Hoa, Binh Thuan, Quang Nam នៅភាគកណ្ដាល និង Ba Ria-Vung Tau, Dong Nai នៅភាគខាងត្បូងក៏បានបើកសេវាកម្មមិនចាំបាច់ដូចជា បារ ខារ៉ាអូខេ និងក្លឹបផងដែរ។

នៅក្នុងសេចក្តីសំរេចចុងក្រោយដែលចេញនៅព្រឹកថ្ងៃច័ន្ទនេះ អាជ្ញាធរទីក្រុងក៏បានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យ ព្រឹត្តការណ៍ និងសន្និសីទនានា ដោយអនុលោមតាមវិធានការប្រឆាំងនឹងរោគរាតត្បាត។ ជាក់ស្ដែងអ្នកស្រុកត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាស់ និងរក្សាចម្ងាយសុវត្ថិភាពនៅទីសាធារណៈ លាងដៃជាមួយអាល់កុល និងជៀសវាងប្រមូលផ្តុំហ្វូងមនុស្សធំៗ លើកលែងតែសាលារៀនការិយាល័យ និងមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា ទីក្រុងហូជីមិញ បានកត់ត្រាការចម្លងក្នុងស្រុកចំនួន ៨ ករណី និងករណីចំនួន ៧ ដែលបាននាំចូលក្នុងរលកទី២ ។ ហើយក្នុងនោះ ៧ នាក់ទៀតកំពុងទទួលការព្យាបាល ខណៈពេលដែលអ្នកផ្សេងទៀតបានជាសះស្បើយ។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមមិនបានកត់ត្រាការចម្លងក្នុងសហគមន៍ចាប់ពីថ្ងៃទី០៣ ខែកញ្ញាទេរហូតមកដល់ពេលនេះ ហើយប្រទេសនេះបានរាយការណ៍ពីករណី Covid-១៩ ចំនួន ១,០៤៩ ករណីដោយមាន ១៧៧ កំពុងព្យាបាល និង ៣៥ នាក់បានស្លាប់៕
អត្ថបទ៖ លីនី
ប្រភព៖ vnexpress


