ក្រុមហ៊ុន Amazon.com Inc បាននិយាយថា ខ្លួនបានបញ្ជាទិញរថយន្តអគ្គិសនីសម្រាប់ដឹកទំនិញចំនួន ១,៨០០ គ្រឿងពីក្រុមហ៊ុន Mercedes-Benz សម្រាប់ដឹកជញ្ជូនទំនិញរបស់ខ្លួននៅអឺរ៉ុប ដែលជាផ្នែកមួយនៃផែនការលក់រាយតាមអ៊ីនធឺណេត ដើម្បីដំណើរការអាជីវកម្មដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាននៅឆ្នាំ ២០៤០ ។
ក្រុមហ៊ុន Amazon បាននិយាយថា ភាគច្រើននៃរថយន្តអគ្គិសនីម៉ាក Daimler AG (DAIGn.DE) និងរថយន្តដឹកទំនិញរបស់ Mercedes-Benz នឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំនេះ។ ការបញ្ជាទិញនេះ គឺធំបំផុតសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Mercedes-Benz រហូតមកដល់បច្ចុប្បន្នរួមទាំងរថយន្តចំនួន ៨០០ គ្រឿងសម្រាប់ប្រទេសអាល្លឺម៉ង់ និង ៥០០ គ្រឿងសម្រាប់ចក្រភពអង់គ្លេស។ ទោះជាយ៉ាងណា នាពេលថ្មីៗនេះក្រុមហ៊ុន Amazon ក៏បានបញ្ជាទិញរថយន្តដឹកទំនិញអគ្គិសនីចំនួន ១០០,០០០ ពីក្រុមហ៊ុន Rivian Automotive LLC ផងដែរ។

ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Amazon បានក្លាយជាអតិថិជនធំជាងគេនៃរថយន្តមិនប្រើអគ្គិសនីរបស់ Mercedes ដែលបានទិញរថយន្តចំនួន ២ ម៉ឺនគ្រឿងសម្រាប់អ្នកចែកចាយ។ លោក Ross Rachey នាយកក្រុមហ៊ុនផលិត និងដឹកជញ្ជូនពិភពលោករបស់ក្រុមហ៊ុន Amazon បាននិយាយថា « ការឆ្ពោះទៅមុខ យើងកំពុងផ្តល់អាទិភាពដល់ការបន្ថែមយានយន្តអគ្គិសនី »។ ក្រុមហ៊ុនចែកចាយផ្សេងទៀត កំពុងជម្រុញឱ្យមានរថយន្តដឹកទំនិញអគ្គិសនីបន្ថែមទៀត។

គួរឱ្យដឹងផងដែរថា កាលពីខែមករា United Parcel Service Inc (UPS.N) បាននិយាយថា ខ្លួនកំពុងបញ្ជាទិញរថយន្តដឹកជញ្ជូនចំនួន ១ ម៉ឺនគ្រឿងពីក្រុមហ៊ុន Arrival Ltd ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន Ford Motor Co (F.N) គ្រោងនឹងបំពាក់នូវឡានអគ្គិសនីរបស់ខ្លួននៅអាមេរិកខាងជើងក្នុងឆ្នាំ ២០២២ ហើយក្រុមហ៊ុន General Motors Co (GM.N) មានបំណងចាប់ផ្តើមផលិតឡានអគ្គិសនីនៅចុងឆ្នាំ ២០២១ ៕
អត្ថបទ៖ នីតា
ប្រភព៖ reuters


