ក្រុមហ៊ុនលក់រាយដ៏ធំរបស់អាមេរិក Walmart បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានសហការគ្នាជាមួយក្រុមហ៊ុន Microsoft ក្នុងការទិញ TikTok ដែលជាកម្មវិធីវីដេអូខ្លីៗគ្រប់គ្រងដោយជនជាតិចិន ដែលបានទទួលការចាប់អារម្មណ៍ពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
កម្មវិធីនេះស្ថិតនៅចំកណ្ដាលនៃព្យុះភ្លៀងការទូតរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាប់តាំងពីលោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី០៦ ខែសីហា ដោយទុកពេលឲ្យក្រុមហ៊ុនអាមេរិកដែលកាន់កាប់ប្រតិបត្តិការ TikTok នៅទីនោះបញ្ឈប់ការធ្វើជំនួញជាមួយមេធំរបស់ខ្លួនគឺ ByteDance។ ខណៈប្រធានាធិបតីអាមេរិកបានអះអាងថា ក្រុមហ៊ុន TikTok អាចត្រូវបានប្រើប្រាស់ដោយប្រទេសចិនដើម្បីតាមដានទីតាំងរបស់និយោជិកសហព័ន្ធ កសាងសំណុំទិន្នន័យលើប្រជាជនសម្រាប់ការគំរាមកំហែង និងធ្វើចារកម្មក្រុមហ៊ុន។

អ្នកលក់រាយអាមេរិកដ៏ធំ Walmart បានប្រាប់ AFP ថា៖ « យើងមានទំនុកចិត្តថាភាពជាដៃគូរបស់ក្រុមហ៊ុន Walmart និង Microsoft នឹងឆ្លើយតបបានទាំងការរំពឹងទុករបស់អ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិកស្របពេលដែលមានការព្រួយបារម្ភពីនិយតកររដ្ឋាភិបាលអាមេរិក »។ យ៉ាងណាមិញយោងតាមអ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុន Walmart ទំនងជាចាប់អារម្មណ៍នឹង TikTok ព្រោះនឹងជួយឱ្យក្រុមហ៊ុននេះ កាន់តែមានទំនាក់ទំនងល្អជាមួយអ្នកដើរផ្សារវ័យក្មេង ដែលងាកទៅរកអ៉ីនធឺណេតសម្រាប់ជីវិតរស់នៅសព្វថ្ងៃ។

មិនតែប៉ុណ្ណោះការទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយសង្គម អាចជួយយុទ្ធនាការទីផ្សាររបស់ក្រុមហ៊ុន Walmart ខណៈពេលដែលចូលទៅក្នុងទិន្នន័យដ៏សំបូរបែប ឬ ការអភិវឌ្ឍផលិតផល និងជាច្រើនទៀត នេះ បើយោងតាមលោក Neil Saunders នាយកគ្រប់គ្រងហាងលក់រាយ GlobalData Retail។ លោកបានបន្ថែមថា រ៉ែមាសដ៏មានសក្តានុពលនៃទិន្នន័យអ្នកប្រើប្រាស់វ័យក្មេង ក៏អាចជួយឱ្យក្រុមហ៊ុន Walmart ប្រកួតប្រជែងកាន់តែខ្លាំងជាមួយនឹងគូប្រជែងលក់រាយតាមអ៉ីនធឺណេត។
ការសហការរបស់ Walmart ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្រុមហ៊ុន Microsoft គឺជាផ្នែកចុងក្រោយនៃការសម្រុះសម្រួល ដែលទីបំផុតក្រុមហ៊ុន Microsoft អាចនឹងទទួលបានជោគជ័យនូវប្រតិបត្តិការរបស់ TikTok នៅអាមេរិក ក្នុងតម្លៃប្រហែល ៣៥ ពាន់លានទៅ ៤០ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដីនាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Kevin Mayer បាននិយាយកាលពីថ្ងៃពុធថា លោកបានលាឈប់ពីក្រុមហ៊ុនដោយសារភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងជុំវិញវេទិកានេះ។

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Disney ដែលទើបតែចូលកាន់តំណែងចាប់តាំងពីខែឧសភាបាននិយាយនៅក្នុងលិខិតទៅកាន់បុគ្គលិកថា៖ « បរិយាកាសនយោបាយបានផ្លាស់ប្តូរយ៉ាងខ្លាំង» ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោកបានបន្ថែមថា TikTok រំពឹងថា នឹងឈានដល់ដំណោះស្រាយឆាប់ៗនេះ៕
អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


