Tata Starbucks បានបើកហាងថ្មីចំនួនពីរនៅក្នុងប្រទេសឥណ្ឌាដែលដំណើរការ និងប្រតិបត្តិការងារដោយស្រ្តីទាំងស្រុង ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការដោះស្រាយភាពមិនស្មើភាពគ្នាជាប្រព័ន្ធនៅក្នុងឱកាសសម្រាប់ស្ត្រីនៅក្នុងប្រទេស។ Tata Starbucks ត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា ៥០/៥០ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Tata Consumer Products និង សាជីវកម្ម Starbucks ដែលជាម្ចាស់និងប្រតិបត្តិការសាខាហាងកាហ្វេ Starbucks នៅឥណ្ឌា។
យោងតាមការចុះផ្សាយរបស់សាព័ត៌មាន retailnews ហាងកាហ្វេ Starbucks ចំនួន ២ ដែលមានបុគ្គលិកជាស្រីទាំងអស់នោះ បានបើកដំណើរការនៅទីក្រុង Delhi និង Mumbai ហើយការបើកនេះ ជាជំហានឆ្ពោះទៅមុខក្នុងការប្តេជ្ញាចិត្តរបស់ Tata Starbucks ដើម្បីពង្រីកការតំណាងរបស់ស្ត្រីនៅក្នុងកម្លាំងពលកម្ម។

លើសពីនេះក៏រួមបញ្ចូលគំនិតផ្តួចផ្តើមដើម្បីផ្តល់ឱកាសដល់ស្ត្រីដែលគិតគូរពីទំនួលខុសត្រូវនៃភាពជាម្តាយ។ ក្រុមហ៊ុនផ្តល់នូវសមភាពប្រាក់ឈ្នួលយេនឌ័រ ១០០% ហើយមានគោលបំណងធានាថាស្ត្រីនឹងមានចំនួន ៤០% នៃកម្លាំងពលកម្មសរុបរបស់ខ្លួននៅចុងឆ្នាំ ២០២២ ។ ដោយក្រុមហ៊ុនអះអាងថា ខ្លួននឹងបង្កើនចំនួនហាងទ្វេដងដែលដឹកនាំដោយស្ត្រីនៅចុងឆ្នាំនេះក្នុងគោលបំណងផ្តល់សិទ្ធិអំណាចនិងគាំទ្រអ្នកដឹកនាំស្ត្រី៕

អត្ថបទ៖ លីនី
ប្រភព៖ retailnews


