Apple store បណ្ដែតលើទឹកដំបូងគេបំផុតនៅលើពិភពលោក នឹងលេចវត្តមាននៅប្រទេសសិង្ហបុរីក្នុងពេលឆាប់ៗនេះ
អាជីវកម្ម August 24, 2020 Chan Sreyny

ប្រទេសសិង្ហបុរីទទួលបានគម្រោងហាង Apple ថ្មីមួយទៀតនៅក្នុងប្រទេសរបស់ខ្លួនដែលហាងនេះជាហាងទី៣ របស់ក្រុមហ៊ុន Apple ដែលបានបើកនៅក្នុងប្រទេសសិង្ហបុរី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា ហាងថ្មីរបស់ Apple ដែលនឹងលេចចេញវត្តមាននៅក្នុងពេលខាងមុខនេះ គឺប្លែកខុសពីហាងមុនៗ និងទើបតែមានជាលើកដំបូងនៅលើពិភពលោក។

Apple store ទី៣ នេះធ្វើឡើងបន្ទាប់ពីការបើកហាងដំបូងរបស់ Apple នៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៧ ដែលមានទីតាំងនៅផ្សារទំនើប Knightsbridge ហើយនេះក៏ជាហាងដំបូងគេនៅអាស៊ីអាគ្នេយ៍ផងដែរ។ ដោយឡែកហាងទី២ មានទីតាំងនៅអាកាសយានដ្ឋាន Jewel Changi ដែលបានបើកដំណើរការកាលពីខែកក្កដាឆ្នាំមុន។

ជាមួយគ្នានេះដែរលក្ខណៈពិសេសរបស់ The Marina Bay Sands store គឺជាកន្លែងដែលអណ្ដែតនៅលើផ្ទៃទឹកនៃឆ្នេរ Marina ប៉ុន្តែទោះជាយ៉ាងណាក្ដី Apple មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបើក ឬ សេចក្តីលម្អិតបន្ថែមទេ។ គួរឲ្យដឹងផងដែរថា ចន្លោះទំនេរនេះ ធ្លាប់ជាកន្លែងសម្រាប់ក្លឹប Avalon ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ដែលមានទំហំ ១៧,០០០ ហ្វីតការ៉េ។

យ៉ាងណាមិញយោងតាមក្រុមហ៊ុន ​​Apple បានឱ្យដឹងថា៖ « ហាងថ្មីនៅ Marina Bay Sands គឺជាបេះដូងនៃការច្នៃប្រឌិត ជាកន្លែងដែលយើងបានបង្កើតឡើងសម្រាប់អ្នកដើម្បីចាប់យកគំនិត និងអ្វីដែលអ្នកស្រលាញ់ ហើយវានឹងក្លាយជាកន្លែងទំនេរសម្រាប់អ្នកដើម្បីស្វែងរកភ្ជាប់និងបង្កើតអ្វីដែលថ្មី »៕

អត្ថបទ៖ លីនី
ប្រភព៖ cnalifestyle