Facebook នឹងអនុញ្ញាតឱ្យបុគ្គលិកធ្វើការនៅផ្ទះដល់ឆ្នាំ ២០២១ ដោយសារការឆ្លងជំងឺ​ Covid-19 និងផ្តល់ប្រាក់ ១,០០០ ដុល្លារបន្ថែមសម្រាប់តម្រូវការការិយាល័យនៅផ្ទះ
អាជីវកម្ម August 7, 2020 Chan Sreyny

Facebook នឹងអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការនៅផ្ទះរហូតដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ដោយសារការឆ្លងជំងឺ​ Covid-19 ហើយនឹងផ្តល់ប្រាក់ចំនួន ១,០០០ ដុល្លារសម្រាប់តម្រូវការការិយាល័យនៅផ្ទះ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្ស Facebook បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែសីហា ឆ្នាំ ២០២០។

ក្រុមហ៊ុននេះ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត​ ក៏បានអនុវត្តវិធានការណ៍ស្រដៀងគ្នានាពេលថ្មីៗនេះដែរ ដោយកាលពីចុងខែកក្កដា Google របស់ Alphabet បាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យនិយោជិកដែលមិនចាំបាច់នៅក្នុងការិយាល័យ​ ទៅធ្វើការនៅផ្ទះរហូតដល់ចុងខែមិថុនា ឆ្នាំ ២០២១ ។ ក្រុមហ៊ុន Twitter Inc ក៏បានស្នើសុំការធ្វើការងារពីចម្ងាយ ដោយគ្មានកំណត់សម្រាប់និយោជិកមួយចំនួនរបស់ខ្លួន។

អ្នកនាំពាក្យ Facebook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាម Email ថា « ផ្អែកលើការណែនាំពីអ្នកជំនាញសុខភាព​ និងរដ្ឋាភិបាលក៏ដូចជាការសម្រេចចិត្តដែលបានមកពីការពិភាក្សាផ្ទៃក្នុងរបស់យើងអំពីបញ្ហាទាំងនេះ យើងកំពុងអនុញ្ញាតឱ្យនិយោជិកបន្តធ្វើការដោយស្ម័គ្រចិត្តពីផ្ទះរហូតដល់ខែកក្កដា ឆ្នាំ ២០២១ »។ លើសពីនេះទៀត យើងកំពុងផ្តល់ឱ្យនិយោជិកនូវប្រាក់បន្ថែមចំនួន ១,០០០ ដុល្លារសម្រាប់តម្រូវការការិយាល័យនៅផ្ទះ។

Facebook ក៏បាននិយាយផងដែរថា ក្រុមហ៊ុននៅតែបន្តបើកការិយាល័យដែលបានកំណត់ចំនួនបុគ្គលិក ដោយមានការអនុញ្ញាតិ និងការណែនាំពីរដ្ឋាភិបាល ដើម្បីកាត់បន្ថយការឆ្លងនៃជំងឺរាតត្បាតនៅក្នុងការិយាល័យដែលបានបិទអស់រយៈពេលប្រហែល ២ ខែ។ ទោះជាយ៉ាងណា Facebook បានបន្ថែមថា ទីតាំងរបស់ក្រុមហ៊ុនជាច្រើនទំនងជានឹងមិនបើកដំណើរការឡើងវិញនៅសហរដ្ឋអាមេរិក និងអាមេរិកឡាទីនមុនដំណាច់ឆ្នាំនេះទេ ដោយសារតែចំនួននៃការឆ្លង Covid-19 មានការកើនឡើងខ្ពស់៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia