ក្រុមហ៊ុន Virgin Atlantic Airways របស់មហាសេដ្ឋី Richard Branson បានដាក់ពាក្យស្នើសុំការការពារក្ស័យធនជំពូកទី១៥ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី០៤ ខែសីហា កន្លងទៅនេះ បន្ទាប់ពីប្រាប់តុលាការនៅទីក្រុងឡុងដ៍ថា ខ្លួនអស់ប្រាក់សម្រាប់តស៊ូអាជីវកម្មដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីវីរុស Covid-19 នៅខែក្រោយនេះ ខណៈមិនបានទទួលការយល់ព្រមសម្រាប់ហិរញ្ញប្បទានសង្គ្រោះ។
ក្រុមហ៊ុនអាកាសចរណ៍បានដាក់ញ្ញត្តិរបស់ខ្លួននៅភាគខាងត្បូងនៃទីក្រុងញូយ៉ក ដោយច្បាប់ក្ស័យធនជំពូកទី១៥ នេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសដែលមានទ្រព្យសម្បត្តិនៅអាមេរិកការពារក្រុមហ៊ុននេះពីការទាមទារ ខណៈពេលដែលក្រុមហ៊ុនកំពុងធ្វើការលើផែនការស្ដារឡើងវិញ។

គួរឲ្យដឹងផងដែរ ចាប់តាំងពីថ្ងៃទី ១ ខែមករាមក ការកក់ទុករបស់ Virgin Atlantic Airways គឺធ្លាក់ចុះ ៨៩% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយតំរូវការសំរាប់ឆមាសទី២ ឆ្នាំ២០២០ គឺមានត្រឹមប្រមាណ ២៥% នៃកំរិតឆ្នាំ២០១៩ នេះបើយោងតាមឯកសារតុលាការ។ ឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុន និងអាជីវកម្ម Virgin Atlantic បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺ Covid-19 ហើយអាកាសចរណ៍សកល គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដំបូងដែលត្រូវបានរងផល ប៉ះពាល់ដោយវីរុសនេះ ហើយទំនងជាឧស្សាហកម្មចុងក្រោយមួយក្នុងការជាសះស្បើយឡើងវិញពេញលេញ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


