ប្រធានាធិបតីអាមេរិកដាក់ជម្រើសពីរឲ្យក្រុមហ៊ុន TikTok គឺត្រូវបិទ និងលក់ទៅឲ្យក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកផ្សេងទៀតត្រឹមថ្ងៃទី ១៥ ខែកញ្ញា
អាជីវកម្ម August 4, 2020 Chan Sreyny

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងហាមឃាត់កម្មវិធីចែករំលែកវីដេអូ TikTok នៅថ្ងៃទី១៥ ខែកញ្ញា លុះត្រាតែក្រុមហ៊ុននេះលក់ទៅឲ្យក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកផ្សេងទៀតទិញប្រតិបត្តិការរបស់​ខ្លួន។ ខណៈរដ្ឋបាល ត្រាំ មានការព្រួយបារម្ភថា បណ្ដាញសង្គមដែលគ្រប់គ្រងដោយជនជាតិចិនអាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក។

ដូច្នេះហើយរដ្ឋបាលកំពុងពិចារណាហាមឃាត់ការប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងចរចាររកដំណោះស្រាយដើម្បីទិញយកក្រុមហ៊ុននេះ។ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថ្មីៗនេះថា លោកមិនប្រកាន់នោះទេថា អ្នកណាជាអ្នកទិញក្រុមហ៊ុន TikTok មិនថាក្រុមហ៊ុន Microsoft ឬ ក្រុមហ៊ុនអាមេរិកធំៗដែលមានសុវត្ថិភាពនោះឡើយលោកអនុញ្ញាតទាំងអស់។

ទន្ទឹមនឹងនេះលោកបានបន្ថែមទៀតថា ប្រតិបត្តិការនៅអាមេរិករបស់ក្រុមហ៊ុន TikTok នឹងត្រូវបិទនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ លើកលែងតែក្រុមហ៊ុន Microsoft ឬ សាជីវកម្មផ្សេងទៀតអាចទិញវាបាន។ បើតាមសេចក្តីរាយការណ៍លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា លោកមិនពេញចិត្តនឹងកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកមួយទិញប្រតិបត្តិការរបស់ TikTok ឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk