អាជីវកម្មធំៗក្នុងវិស័យទេសចរណ៍កម្ពុជាជាង ៣,០០០ កន្លែងបានបិទទ្វារ ហើយការងារក្នុងវិស័យនេះជាង ៥០,០០០នាក់បានបាត់បង់ ដោយសារវិបត្តិកូវីដ
អាជីវកម្ម August 3, 2020 Chan Sreyny

ក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបការរាតត្បាតជំងឺ Covid-19 នេះ បានធ្វើឲ្យកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ និងបានធ្វើឲ្យអាជីវកម្មធំៗនៅក្នុងវិស័យទេសចរណ៍ជាង ៣,០០០ អាជីវកម្មបានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្មផងដែរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។

ឯកឧត្តមបានបន្តថា ប្រការនេះបានធ្វើឱ្យបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាង ៥០,០០០នាក់ ដោយសារមិនមានភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជា។ ដើម្បីដោះស្រាយបញ្ហានេះ នាថ្ងៃដដែលនោះឯកឧត្តមរដ្ឋ​មន្រ្តីបានរៀបចំកិច្ចប្រជុំគ្នាជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា ដើម្បីរៀបចំយុទ្ធសាស្ត្រទទួលវត្តមានភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញ ដែលធានាជាដាច់ខាតនូវសុវត្ថិភាពពីជំងឺ COVID-19។

មុនឈានដល់កិច្ចប្រជុំនេះ ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការធ្វើដំណើរដោយកន្លែង Travel Bubble or One way Closed-loop Charted Plane នៅកម្ពុជារួចហើយផងដែរ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ក្រសួងទេសចរណ៍នឹងពិគ្រោះជាមួយអ្នកជំនាញ និងក្រសួងសុខាភិបាល ដើម្បីរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬ ហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពី COVID-19។

ឯកឧត្ដមបណ្ឌិតបានបន្តទៀតថា សម្រាប់ការគោលការណ៍បើកការធ្វើដំណើរដោយកន្លែង ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពី COVID-19 ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពី COVID-19 នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តារអាជីវកម្មទេសចរណ៍មានដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារ COVID-19 និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ទន្ទឹមនឹងការជំរុញឱ្យមានការបើកការធ្វើដំណើរដោយកន្លែងនេះ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ឯកឧត្ដមបណ្ឌិតក៏បានជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍នានា សណ្ឋាគារ ផ្ទះស្នាក់ និងអាជីវកម្មនានានៅកម្ពុជា គឺត្រូវខិតខំថែរក្សាភាពអនាម័យឱ្យបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីទំនុកចិត្តខ្ពស់ជូនភ្ញៀវទេសចរអន្តរជាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងទេសចរណ៍