ទីក្រុង Saigon របស់វៀតណាម បានហាមឃាត់ការប្រមូលផ្តុំធំៗ និងបានបញ្ជាឱ្យបារ និងក្លឹបទាំងអស់បិទម្ដងទៀតនៅថ្ងៃទី ៣១ ខែកក្កដា នៅពេលដែលចំនួននៃការឆ្លង Covid-19 កើនឡើងនៅក្នុងប្រទេស។
គណៈកម្មាធិការប្រជាជនក្រុងបានប្រកាសនៅថ្ងៃទី ៣០ ថាទីប្រជុំជននៅភាគខាងត្បូងបានហាមឃាត់រាល់ការប្រមូលផ្តុំមនុស្សជាង ៣០ នាក់ ក៏ដូចជាព្រឹត្តិការណ៍នានាដូចជា៖ ពិធីបុណ្យ ពិធីជប់លៀង សន្និសីទមិនមិនចាំបាច់ និងការប្រជុំ។ រួមទាំងព្រឹត្តិការណ៍ផ្សេងៗដូចជា៖ ពិធីមង្គលការ និងពិធីបុណ្យសពមិនគួរមានការជួបជុំធំៗនោះទេ ហើយប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ។

ដោយឡែក ចំពោះការប្រជុំដែលយល់ថាចាំបាច់អ្នកចូលរួមទាំងអស់ត្រូវអនុរត្តន៍តាមគោលការណ៍ដែលរដ្ឋាភិបាលបានដាក់ឱ្យ។ ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរកឃើញមានករណីឆ្លង Covid-19 ក្នុងទីក្រុង Saigon ចំនួន ២ ករណីខណៈរយៈពេល ១១៧ ថ្ងៃដែលគ្មានករណីនាំចូល និងករណីឆ្លងក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា បារ និងក្លឹបរាំកំសាន្តនៅ Saigon ចំនួន ១៨០ បានបើកដំណើរការវិញកាលពីថ្ងៃទី ៩ ខែឧសភា បន្ទាប់ពីត្រូវបានបិទចាប់តាំងពីខែមីនា ដោយសារជំងឺរាតត្បាត។ រហូតមកដល់ពេលនេះវៀតណាមបានកត់ត្រាចំនួនអ្នកឆ្លងជំងឺនេះ ៥១៨ ករណី ដែលបានបញ្ជាក់មានករណីចំនួន ៣០២ ជាករណីនាំចូល ហើយ ១១៦ ផ្សេងទៀតទាក់ទងនឹងការផ្ទុះឡើងនៅកណ្តាលទីក្រុងដាណាង ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា៕

អត្ថបទ៖ នីតា
ប្រភព៖ vnexpress


