រដ្ឋាភិបាលកម្ពុជា នឹងបន្តលើកលែងការបង់ពន្ធប្រចាំខែ រយៈពេល ០២ ខែបន្ថែមទៀតសម្រាប់អាជីវកម្មក្នុងវិស័យទាំងពីរនេះ
អាជីវកម្ម July 31, 2020 Chan Sreyny

ខណៈពេលដែលវីរុសកូវីដ-១៩ នៅតែបន្តមានវត្តមាន និងបង្កផលប៉ះពាល់ដល់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ៤ជុំ ជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ក្នុងនោះដែរដោយឃើញថាផលប៉ះពាល់លើវិស័យទេសចរណ៍ និង​វិស័យអាកាសចរណ៍នៅតែបន្តកើតមានយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងការបង់ពន្ធប្រចាំខែសម្រាប់រយៈពេល ០២ខែ បន្ថែមទៀតចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០។

ជាក់ស្ដែងរាជរដ្ឋាភិបាលនឹងបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ ដោយឡែកសម្រាប់វិស័យអាកាសចរណ៍ រដ្ឋាភិបាលនឹងបន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០២ខែ បន្តទៀតចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់ក្រុមហ៊ុន អាកាសចរណ៍ដែលបានចុះបញ្ជី៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា