ក្រុមហ៊ុន Amazon បានប្រកាសប្រាក់ចំណេញធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ២៦ឆ្នាំ របស់ខ្លួន ខណៈការលក់តាមអ៉ីនធឺណេត និងអាជីវកម្មដែលរកប្រាក់ចំណេញបានគាំទ្រដល់ពាណិជ្ជករភាគីទីបីបានកើនឡើងអំឡុងពេលមានជំងឺរាតត្បាតរាលដាល។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់រាយតាមអ៉ីនធឺណេតធំជាងគេបំផុតនៅលើពិភពលោកបានកើនឡើង ៥% ក្រោយពីចប់ម៉ោងក្នុងការជួញដូរហ៊ុន។
ខណៈពេលដែលអ្នកលក់រាយដែលជាគូប្រជែងត្រូវបង្ខំបិទហាងក្នុងកំឡុងពេលចាក់សោរក្រោមបញ្ជារបស់រដ្ឋាភិបាល ក្រុមហ៊ុន Amazon បានជួលមនុស្សចំនួន ១៧៥,០០០ នាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះហើយឃើញថាតម្រូវការសេវាកម្មរបស់ក្រុមហ៊ុននេះបានកើនឡើងជាលំដាប់។ បើតាមការឲ្យដឹងពីក្រុមហ៊ុនមួយនេះ ប្រាក់ចំណូលបានកើនឡើង ៤០% ពីមួយឆ្នាំមុនដល់ ៨៨.៩ ពាន់លានដុល្លារ។

ជាមួយគ្នានេះក្រុមហ៊ុន Amazon បានព្យាករណ៍ថា ខ្លួនអាចនឹងខាតបង់ប្រាក់នៅក្នុងត្រីមាសទី២ ដែលទើបតែបញ្ចប់ ព្រោះក្រុមហ៊ុននេះរំពឹងថានឹងចំណាយថវិកាចំនួន ៤ ពាន់លានដុល្លារអាមេរិកសម្រាប់ឧបករណ៍ការពារសម្រាប់បុគ្គលិក និងការចំណាយផ្សេងៗទៀតដែលទាក់ទងនឹងវីរុស Covid-19។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុននៅតែអាចរកចំណូលបាន ៥.២ ពាន់លានដុល្លារ ដែលជាការកើនឡើងទ្វេដងនៃប្រាក់ចំណូលសុទ្ធពីឆ្នាំមុន។
លោក Jeff Bezos ស្ថាបនិកនៃក្រុមហ៊ុននេះដែលបានបង្កើតឡើងនៅខែកក្កដាឆ្នាំ ១៩៩៤ និងជាអ្នកមានបំផុតនៅលើពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះគឺជាត្រីមាសមិនធម្មតាមួយផ្សេងទៀត” ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង ៦០% នៅឆ្នាំនេះដែលបន្ថែមទៅលើទ្រព្យសម្បត្តិរបស់ Bezos ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ខ្លួន។

បើយោងតាម Jesse Cohen អ្នកវិភាគជាន់ខ្ពស់នៅ Investing.com បាននិយាយថា គំរូអាជីវកម្មរបស់ក្រុមហ៊ុន Amazon បង្កើតវាឡើងដើម្បីពង្រីកឥទ្ធិពលពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួនឱ្យកាន់តែទូលំទូលាយថែមទៀត នៅពេលដែលជំងឺរាតត្បាតគ្របដណ្តប់លើពិភពលោក។
លោក Brian Olsavsky ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Amazon បានប្រាប់អ្នកយកព័ត៌មានថា ប្រាក់ចំណេញក្រៅស្រុកបានធ្វើឱ្យក្រុមហ៊ុនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅពេលដែលចេញការព្យាករណ៍របស់ខ្លួនកាលពីត្រីមាសមុន អ្នកទិញទំនិញកំពុងទិញផលិតផលដែលផ្ដល់ប្រាក់ចំណេញទាប។ ដោយឡែកយោងតាមក្រុមហ៊ុនស្រាវជ្រាវ FactSet បានឲ្យដឹងថាក្រុមហ៊ុន Amazon រំពឹងថាប្រាក់ចំណេញប្រតិបត្តិការនឹងមានចន្លោះពី ២ ពាន់លានដុល្លារទៅ ៥ ពាន់លានដុល្លារសំរាប់ត្រីមាសនេះ ដែលជាចំណុចកណ្តាលដែលខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគ៕
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


