ក្រុមហ៊ុន Samsung Electronics បាននិយាយនាថ្ងៃនេះថា ខ្លួនរំពឹងថានឹងមានការងើបឡើងវិញជាបណ្ដើរៗ នូវតំរូវការសម្រាប់ឧបរណ៍ចល័ត និងគ្រឿងអេឡិកត្រូនិកសម្រាប់ប្រើប្រាស់នៅឆមាសទី២ នៃឆ្នាំនេះ ខណៈក៏នៅព្រួយបារម្ភជាមួយនឹងហានិភ័យដែលកើតមានដោយសារវីរុស Covid-19 និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ។
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Samsung Electronics បានប្រកាសពីការកើនឡើងប្រាក់ចំណេញប្រតិបត្តិការចំនួន ២៣% នៅក្នុងត្រីមាសចាប់ពីខែមេសា ដល់ខែមិថុនា ដោយសារការកើនឡើង ១៣% នៃតម្លៃបន្ទះឈីប DRAM។ តម្រូវការឈីបភាគច្រើន មកពីមជ្ឈមណ្ឌលទិន្នន័យជាច្រើន ដើម្បីគាំទ្រដល់ការធ្វើការពីផ្ទះ និងកំណើននៅក្នុងការសិក្សាតាមអ៉ីនធឺណេត។

ជាមួយគ្នានេះក្រុមហ៊ុនផលិតបន្ទះឈីបដែលរួមមានក្រុមហ៊ុន SK Hynix និងក្រុមហ៊ុនអាមេរិក Micron Technology Inc ក៏បានបង្ហាញពីតម្រូវការកើនឡើងពីនិន្នាការនេះផងដែរ។ យ៉ាងណាមិញប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung នៅក្នុងត្រីមាសទី២ បានកើនឡើង ៨.១ ទ្រីលានវ៉ុន (៦.៨ ពាន់លានដុល្លារ) ពី ៦.៦ ទ្រីលានវ៉ុនកាលពីឆ្នាំមុន ស្របតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនកាលពីដើមខែនេះ។
ទន្ទឹមនឹនេះដែរប្រាក់ចំណូលនៅក្រុមហ៊ុនផលិតបន្ទះឈីប memory និងស្មាតហ្វូនកំពូលបានធ្លាក់ចុះ ៦% ស្មើនឹង ៥៣ ទ្រីលានវ៉ុន តែប្រាក់ចំណេញសុទ្ធបានកើនឡើង ៧% ដល់ ៥.៦ ទ្រីលានវ៉ុន។ ក្រុមអ្នកវិភាគបាននិយាយថា ជាមួយនឹងការស្តុកទុកកាន់តែច្រើនពីអតិថិជនមជ្ឈមណ្ឌលទិន្នន័យរបស់ Samsung ត្រូវបានគេរំពឹងថានឹងទិញបន្ទះឈីប DRAM តិចជាងនៅឆមាសទី២ នៃឆ្នាំនេះដោយសារការឡើងថ្លៃ៕
អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


